ព័ត៌មានជាតិ

ក្រសួងការងារ នឹងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្រ្តី

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធខួប អនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ» ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, រួមនិងវត្តមានអញ្ជើញ របស់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងស្ថាប័នរដ្ឋនានា រួមទាំងការមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ, សហជីព និងតំណាងកម្មករនិយោជិតផងដែរ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤នេះដែរ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសគ្រឹះស្ថាន អង្គការសហជីព ក៏នឹងមានការរៀបចំពិធីជួបជុំ ប្រារព្ធពិធីនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

គួរកត់សម្គាល់ដែរថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តួចផ្តើម ឱ្យមានការរៀបចំយុទ្ធនាការ ប្រឡងប្រណាំង«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់ សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រសហគ្រាស។

ការប្រឡងប្រណាំង ដើម្បីទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយ» ត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប និង សហគ្រាសផ្នែក ផ្សេងទៀត ដែលស្ម័គ្រចិត្តចូលរួមស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

To Top