ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឧបត្ថម្ភ ដល់គ្រួសារយុទ្ធជនពលី ក្នុុងករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារ ១មុឺនដុល្លារ(10,000$)។ ថវិកាទាំងនេះ បានមកពីសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភ ដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុនសែន បានសរសេរយ៉ាងដូច្នេះថា «ដំបូង ខ្ញុំសូមអរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភ ដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (4,800,000$) ។
ដើម្បីជួយដល់កន្លែង ដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖
1.មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន50មុឺនដុល្លារ(500,000$)។
2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ខេត្តកំពង់ស្ពឺ 30មុឺនដុល្លារ (300,000$)។
3.គ្រួសារយុទ្ធជនពលី ករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ (10,000$) សរុប២០មុឺនដុល្លារ (200,000$)។
ឯថវិកាក្រៅពី១លានដុល្លារនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់» ៕