ព័ត៌មានអន្តរជាតិ

បារាំង ជំរុញឲ្យក្រុមហេសបូឡា និងអ៊ីស្រាអែល ជៀសវាងការបង្កើន ភាពតានតឹង

AFP

ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne បានអំពាវនាវ ដល់ក្រុមហេសបូឡា របស់ប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីជៀសវាងការកើនឡើង នូវភាពតានតឹង ដោយបញ្ជាក់សារជាថ្មី នូវកិច្ចខិតខំប្រឹងប្រែងបន្តរបស់បារាំង ក្នុងការទប់ស្កាត់ការពង្រីក ជម្លោះរវាងភាគីទាំងពីរ។

លោក Sejourne ត្រូវបានដកស្រង់ សម្តីដោយប៉ុស្តិ៍ទូរទស្សន៍លីបង់ Al-Jadeed បានឲ្យដឹងថា “យើងបដិសេធសេណារីយ៉ូ ដ៏អាក្រក់បំផុតនៅភាគខាងត្បូង ប្រទេសលីបង់ ហើយវាមិនមានការ ចាប់អារម្មណ៍ពីនរណាម្នាក់ សម្រាប់ជម្លោះរវាង ក្រុមហេសបូឡា និងអ៊ីស្រាអែលនោះទេ” ។

លោក Sejourne បានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់គាត់នៅទីក្រុង Beirut ជាមួយមន្ត្រីជាន់ខ្ពស់លីបង់ ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីដំណោះស្រាយ ចំពោះជម្លោះដែលកំពុងបន្តរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ។

លោកបានលើកឡើងថា “យើងបានបង្ហាញសំណើ ដល់ដៃគូទាំងអស់ ដោយបានពិចារណាលើការឆ្លើយតបរបស់លីបង់ ហើយនឹងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារ។ កិច្ចព្រមព្រៀងមួយ ត្រូវតែឈានដល់ទីបញ្ចប់” ។

លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់បារាំងក្នុងការ ការពារប្រទេសលីបង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការស្តារស្ថិរភាពនៅភាគខាងត្បូង លីបង់តាមរយៈការបញ្ជូនកងទ័ព លីបង់ទៅកាន់តំបន់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top