ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ចុះអង្កេតស្ថានភាព គ្រោះរាំងស្ងួតនៅស្រុក Ninh Sơn

VN Express

បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានចុះអង្កេតស្ថានភាពគ្រោះរាំងស្ងួតនៅស្រុក Ninh Sơn ត្រួតពិនិត្យគម្រោងធារាសាស្ត្រ Tân Mỹ និងដឹកនាំការងារបង្ការ និងទប់ទល់នឹងផលប៉ះពាល់ នៃការកើនឡើងកំដៅដ៏យូរ និងគ្រោះរាំងស្ងួតនៅខេត្ត Ninh Thuận ភាគនិរតី ក្នុងដំណើរបំពេញទស្សនកិច្ចនៅមូលដ្ឋាននាថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយមើលឃើញផ្ទាល់ភ្នែកអំពី ស្ថានភាពគ្រោះរាំងស្ងួតនៅលើវាលស្រែ Mỹ Sơn ដ៏ធំ និងពិនិត្យដំណើរការប្រព័ន្ធធារាសាស្ត្រ Tân Mỹ ដែលត្រូវបានចាត់ទុកថា ទំនើបបំផុតនៅក្នុងប្រទេសវៀតណាមនាពេលនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ តាមការព្យាករណ៍ រលកកំដៅនឹងកើនឡើងថែមទៀត ក្នុងកម្រិតខ្លាំងជាងឆ្នាំមុនៗ។

លោកបានស្នើឱ្យ ខេត្ត Ninh Thuận តាមដានស្ថានការណ៍ឱ្យបានដិតដល់ និងអនុវត្តវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះ គ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុធ្ងន់ធ្ងរ ជាពិសេសកំដៅ និងគ្រោះរាំងស្ងួត ដើម្បីកាត់បន្ថយការខូចខាតដល់ផលិតកម្ម និងផលប៉ះពាល់ដល់អាយុជីវិតប្រជាជន។

ខេត្ត Ninh Thun ត្រូវដំណើរការប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ដើម្បីស្តុកទុកទឹកយ៉ាងសកម្ម ដើម្បីធានាបាននូវតម្រូវការ អប្បបរមាសម្រាប់ដំណាំ នៅពេលមានការខ្វះខាតទឹក ហើយទន្ទឹមនឹងនោះ ត្រូវធ្វើការអង្កេត និងកំណត់តំបន់ដែលមានហានិភ័យ នៃការខ្វះខាតទឹក ដើម្បីអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយធានាទឹក ការផ្គត់ផ្គង់សម្រាប់អ្នកស្រុក៕

ប្រែសម្រួលៈ ណៃ តុលា

To Top