ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំពីការ អនុវត្តម៉ោងបង្រៀន និងរៀន ក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ពីការអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង អាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ។

តាមរយៈលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣០ មេសា នេះ បញ្ជាក់ថា រដូវប្រាំងឆ្នាំ ២០២៤ អាកាស ធាតុក្តៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១៤រសៀល។

ដើម្បីបង្ការ ទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែង អនុវត្តដូចជា ៖ ពេលព្រឹក ចូលរៀននៅម៉ោង ៧ ចេញម៉ោង ១០ , ពេលរសៀល ចូលរៀននៅម៉ោង ១៤ ចេញម៉ោង ១៧ ។

លើសពីនេះ ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី, គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹក សម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន, ក្នុងករណីសីតុណ្ហភាពឡើងខ្លាំង លើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សា មានសិទ្ធិក្នុងការសម្រេចជាក់ស្តែង, អនុវត្តតាមគោលការណ៍ ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ ៕

To Top