ព័ត៌មានជាតិ

ប្រធានវិនិយោគិនកម្ពុជា បន្តអំពាវនាវដល់ធុរកិច្ចទីផ្សារ បណ្ដាញទាំងអស់ ត្រូវមានចំណេះដឹង វិជ្ជាជីវៈ និងគោរពច្បាប់ ឲ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ លោកឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្ដាញកម្ពុជា បានបន្តអំពាវនាវ ដល់ធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមត្រូវមានចំណេះដឹង វិជ្ជាជីវៈប្រកបអាជីវកម្ម និងត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។

ក្នុងពិធីសំណេះសំណាល ជាមួយអាជីវករខ្នាតតូច និងមធ្យម ដែលជាធុរកិច្ចទីផ្សារបណ្តាញតាមផ្នែក តាមវិស័យ កាលពីពេលថ្មីៗនេះ លោកឡី សុភាព បានថ្លែងថា “ខ្ញុំសំណូមពរ ឲ្យអាជីវកម្មខ្នាតតូច និងមធ្យមដែលជាធុរកិច្ចទីផ្សារបណ្តាញ តាមផ្អែកតាមវិស័យទាំងអស់ ត្រូវតែមានចំណេះដឹងវិជ្ជាជីវៈអាជីវកម្ម ឲ្យបានត្រឹមត្រូវ សម្រាប់ការងារ និងមុខរបរ និងបានអំពាវនាវដល់ម្ចាស់មូលដ្ឋាន អាជីវកម្មនាំចេញ នាំចូល ការចែកចាយ ទាំងអស់ត្រូវតែគោរពច្បាប់ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងព្រះរាជាណាចក្រកម្ពុជា” ។

លោកបន្តថា ដើម្បីធ្វើការងារសេដ្ឋកិច្ចពាណិជ្ជកម្មបានជោគជ័យនោះ គឺត្រូវផ្អែកលើលិខិតបទដ្ឋាន គតិយុត្តិ នានា និងចរិតលក្ខណៈ នៃការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ។
ក្នុងឱកាសនោះ លោកក៏បានសម្ដែងការគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរក្សាសន្តិភាព សម្រាប់កម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍន៍ អាជីវកម្មនិងការវិនិយោគនានា ។

ចំណែកលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងដែរ រាជរដ្ឋាភិបាលបាន និងកំពុងលូកដៃជ្រៅចូលក្នុង វិស័យឯកជន ដោយរាជរដ្ឋាភិបាល បាននិងកំពុងតាមដាន រាល់ប្រភេទទំនិញ ដែលនាំចូល បើទំនិញនោះគ្មានគុណភាព តាមលក្ខណៈស្ដង់ដារនោះទេ គឺមិនអនុញ្ញាតឲ្យនាំចូលមកឡើយ ។

ក្នុងឱកាសនោះដែរលោកក៏បានណែនាំដល់ធុរកិច្ចទីផ្សារបណ្ដាញ ក៏ដូចជា អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់ ត្រូវទាក់ទងទៅក្រសួងសុខាភិបាល នាយកដ្ឋានឱសថនិងមន្ទីរពិសោធន៍ ដើម្បីសូមចូលរួមក្នុងវេទិកានានា ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជាចំណេះដឹងនានា យកមកប្រើប្រាស់ និងដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង ទៅរាជរដ្ឋាភិបាល ថាវិស័យឯកជនជាមួយនិងរាជរដ្ឋាភិបាល បាននឹងកំពុងតែមានការកៀកកិតគ្នា លើសមូលភូមិសេដ្ឋកិច្ច មួយក្នុងការធានាផលិតផល ជូនប្រជាជនប្រើប្រាស់ ដោយសុវត្ថិភាពផងដែរ ៕ ដោយ៖ម៉ៅ ដារ៉ាត់

To Top