ព័ត៌មានអន្តរជាតិ

គម្រោង​អភិវឌ្ឍន៍ ​មីស៊ីល រវាងអាមេរិក​-​ជប៉ុន ​នឹងចំណាយ​អស់​ជាង ៣​ពាន់​លាន​ដុល្លារ​

Military

តូក្យូ៖ មន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក និង ជប៉ុន បានប៉ាន់ប្រមាណថា ការចំណាយសរុប នៃការរួមគ្នាអភិវឌ្ឍន៍ មីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាព ស្ទាក់ចាប់អាវុធលឿន ជាងសំឡេងនឹងមានលើសពី ៣ពាន់លានដុល្លារ។

យោង​តាម​មន្ត្រី​មក​ពី​ទីភ្នាក់ងារ​ការពារ​ កាំជ្រួច​អាមេរិក​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ចំនួន​សរុប ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ១ ពាន់​លាន​ដុល្លារ​ដល់​គម្រោង Glide Phase Interceptor។  ប្រទេស​ទាំង​ពីរ​មាន​បំណង​បញ្ចប់​ការ​អភិវឌ្ឍ​មីស៊ីលនៅ​ឆ្នាំ​២០៣០។

ការអភិវឌ្ឍន៍រួមគ្នានេះត្រូវបានយល់ព្រមដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីខែសីហាឆ្នាំមុន មុនពេលកិច្ចប្រជុំកំពូលត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន។

គម្រោង​នេះ​កើត​ឡើង​នៅ​ពេល​ ដែល​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​រុស្សី​បាន​និង​កំពុង​ដេញ​តាម​សមត្ថភាព​លឿន​ជាង​សំឡេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មីស៊ីលលឿនជាងសំឡេង និងយានហោះក្នុងល្បឿនលើសពី Mach 5 ដែលស្មើនឹងប្រាំដងនៃល្បឿនសំឡេង។  ពួកគេ​ក៏​អាច​បត់បែន​បាន និង​អាច​ផ្លាស់ប្តូរ​ផ្លូវ​ក្នុងអំឡុងពេល​ហោះហើរ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​ក្នុងការ​បាញ់​ទម្លាក់ ឬ​តាមដាន​ដោយ​រ៉ាដា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top