ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ បើយើងបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលត្រឹមត្រូវ យើង នឹងអាចជៀសផុតពីការចម្លងរោគ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល នាថ្ងៃ៣ ឧសភានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រសិនបើពលរដ្ឋបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួន នឹងអាចជៀសផុតពីការចម្លងរោគ។

លោកថា “ដូច្នេះការលាងដៃគឺ សង្រ្គោះជីវិត”។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការសម្អាតដៃឲ្យបានត្រឹមត្រូវ អាចបង្ការការបង្ករោគដែលកើតឡើង តាមរយៈការផ្តល់សេវាសុខាភិបាល បានជាង ៥០%។ គោលបំណងវេជ្ជសាស្រ្តនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺសម្អាតភាពកខ្វក់ មេរោគបាក់តេរី និងវីរុសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួន និងសហគមន៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះជំងឺឆ្លងថ្មីៗ ជាច្រើនដែលនឹងកំពុងកើតមាន ហើយបានគំរាមកំហែងដល់អាយុជីវិតគ្រប់ពេលវេលា ហើយក៏អាចជាបញ្ហាសុខភាពសាធារណៈ បើទាំងអស់គ្នាមិនបានទប់ស្កាត់ឲ្យបានត្រឹមត្រូវ។ រាល់ការចម្លងរោគទាំងនេះ ភាគច្រើនគឺបណ្តាលមកពីការមិនបានលាងដៃ រក្សាគម្លាតឲ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពសុខាភិបាលទាំងអស់ ឲ្យធ្វើផែនការប្រតិបត្តិរៀងៗខ្លួន ដោយបញ្ចូលសកម្មភាពបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដូចជាការធ្វើអនាម័យដៃ តម្រូវការធនធានសម្ភារ និងថវិកាជាអាទិភាពសម្រាប់ដំណើរការសកម្មភាពឆ្នាំ២០២៤ខាងមុខនេះ ដើម្បីឆ្លើយទៅនឹងផែនការយុទ្ឋសាស្រ្តសុខាភិបាល ២០២២-២០៣០ និងច្បាប់សុខភាពអន្តរជាតិ (International Health Regulation) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំងអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់ ជួយផ្សព្វផ្សាយដល់ប្រជាជនទូទាំងប្រទេសចូលរួមយល់ដឹង និងជួយទប់ស្កាត់ជំងឺឆ្លងដែលកើតមានថ្មីនៅតាមសហគមន៍ ដោយការធ្វើអនាម័យដៃ ជាមួយសាប៊ូ និងទឹក ឬជែល អាល់កុល៕

To Top