ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ប្រកាសផ្ដល់ការឆ្លើយតបចុងក្រោយ ទៅនឹងសំណើបទឈប់បាញ់ ក្នុងរយៈពេល ២ថ្ងៃ

Xinhua

ហ្គាហ្សា៖ គណៈប្រតិភូនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ស់) នឹងត្រឡប់ទៅរដ្ឋធានីគ៊ែរ របស់អេហ្ស៊ីបនៅថ្ងៃអង្គារ ដើម្បីផ្តល់ “ការឆ្លើយតបចុងក្រោយ” របស់ចលនាចំពោះសំណើរបស់អេហ្ស៊ីប ជុំវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប និងការផ្លាស់ប្តូរអ្នកទោសជាមួយ​នឹង​អ៊ីស្រាអែល។

ប្រភពដែលមិនចង់ប្រាប់ឈ្មោះ របស់លោកបានឲ្យដឹងថា គណៈប្រតិភូហាម៉ាស់ ដែលបានចាកចេញពីទីក្រុងគែរ កាលពីថ្ងៃអាទិត្យ សម្រាប់ការពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំចលនានៅទីក្រុងដូហា ប្រទេសកាតា នឹងត្រលប់មកវិញជាមួយនឹង “ការឆ្លើយតបចុងក្រោយ” ចំពោះសំណើរបស់អេហ្ស៊ីបពីរថ្ងៃក្រោយ។

យោងតាមប្រភពបានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងគែរ គណៈប្រតិភូហាម៉ាស់ បានជួបជាមួយមន្ត្រីសន្តិសុខអេហ្ស៊ីប ហើយបានដោះស្រាយ “បញ្ហាទាំងអស់” ដែលអាចរារាំងដល់ការ ឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល ដោយបញ្ជាក់ថាការយល់ស្រប “សំខាន់” ត្រូវបានសម្រេចរវាងគណៈប្រតិភូ និងអ្នកសម្របសម្រួលអេហ្ស៊ីប។

សំណើរបស់អេហ្ស៊ីប មានបីដំណាក់កាល ដែលមានបំណងផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីន ចាត់វិធានការចាំបាច់ ដើម្បីឈានដល់បទឈប់បាញ់ និងស្ដារភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព។

ដំណាក់កាលដំបូងនឹងមានរយៈពេល ៤០ ថ្ងៃ និងនាំមកនូវការផ្អាកបណ្តោះអាសន្ន នៃប្រតិបត្តិការយោធារវាងភាគីទាំងពីរ ការដោះដូរចំណាប់ខ្មាំង និងអ្នកទោស និងការវិលត្រឡប់របស់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅខាងក្នុង ទៅកាន់តំបន់លំនៅដ្ឋាន របស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top