ហ្គាហ្សា៖ កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះបានបញ្ចប់ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដោយគណៈប្រតិភូហាម៉ាស់ បានចាកចេញទៅកាន់ប្រទេសកាតា ដើម្បីធ្វើការពិភាក្សាបន្ថែម លើសំណើបទឈប់បាញ់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ហាម៉ាស់ ។
មន្ត្រីដែលបានឲ្យដឹងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានប្រាប់ស៊ីនហួរថា គណៈប្រតិភូនឹងបន្តការពិភាក្សារបស់ពួកគេ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា។
លោកបានសង្កត់ធ្ងន់ថា ការចរចាមិនបានបរាជ័យនោះទេ ប៉ុន្តែចលនាត្រូវពិភាក្សាលើ ចំណុចមួយចំនួននៃសំណើថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពី ការបញ្ចប់នៃកិច្ចចរចាបទឈប់បាញ់ ក្រុមហាម៉ាសបានឲ្យដឹងថា ខ្លួនបានផ្តល់ការឆ្លើយតបរបស់ចលនានេះ ទៅកាន់អ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមហាម៉ាស់បានអះអាងថា ខ្លួនត្រូវការវិធីសាស្រ្តវិជ្ជមាន និងការទទួលខុសត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងដែល “បំពេញតាមតម្រូវការជាតិរបស់ប្រជាជនយើង បញ្ចប់ការឈ្លានពានទាំងស្រុង សម្រេចបាននូវការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាទាំងមូល សម្របសម្រួលការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ពង្រឹងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ចាប់ផ្តើមការកសាងឡើងវិញ និងបញ្ចប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស”។
គួរបញ្ជាក់ថា គណៈប្រតិភូក្រុមហាម៉ាស់ បានទៅដល់ទីក្រុងគែរកាលពីថ្ងៃសៅរ៍ សម្រាប់ការចរចាលើគំនិតផ្តួចផ្តើម បទឈប់បាញ់ដែលស្នើឡើងដោយអេហ្ស៊ីប ប៉ុន្ដែអ៊ីស្រាអែលមិនបានបញ្ជូនមន្ត្រីទៅចូលរួមក្នុងការចរចានោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា