ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៤,៦៨៣នាក់។
ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៩នាក់ និងរបួស ១១០នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៦៨៣ នាក់ និងរបួសដល់ ៧៨,០១៨នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា