ព័ត៌មានជាតិ

លោក កាំង តុងងី ៖ ការចោទប្រកាន់ របស់អង្គការមួយចំនួនជុំវិញការ រំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មិនមានអ្វីថ្មី

ភ្នំពេញ ៖ អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានលើកឡើងថា ការចោទប្រកាន់ របស់ក្រុមអង្គការសង្គមស៊ីវិលថា មានការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពុំមានអ្វីថ្មីនោះទេ ប៉ុន្តែជាយុទ្ធនាការរបស់ពួកគាត់ ដែលធ្វើការខាងផ្នែកសិទ្ធិមនុស្ស ហើយក៏មិនបានឆ្លុះបញ្ចាំង ពីតថភាពជាក់ស្តែង ។

ការលើកឡើងរបស់លោកនេះ ឆ្លើយតបទៅ អង្គការសិទ្ធិមនុស្ស លីកាដូ , សមធម៌កម្ពុជា , សមាគមធាងត្នោត និងអង្គការ FIAN អាល្លឺម៉ង់ដែលបានចេញ សេចក្តីថ្លែងការណ៍ស្នើប្រទេស ជាសមាជិកអង្គការ សហប្រជាជាតិ ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយពួកគេអះអាងថា មានការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។ ក្នុងនោះ លីកាដូរកឃើញថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានពលរដ្ឋប្រមាណជា៦% នៃអ្នកខ្ចីប្រាក់បានលក់ដីដើម្បីសងបំណុលខ្នាតតូច ។ អង្គការនេះក៏បានរកឃើញទៀតថា ចន្លោះឆ្នាំ២០១៧-២០២២ ពលរដ្ឋកម្ពុជាប្រមាណជា១៦៧ .០០០នាក់បានលក់ដីដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុ។

ចំពោះករណីនេះ លោក កាំង តុងងី តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៩ មេសានេះ តបថា “សេចក្តីថ្លៃការណ៍ របស់សង្គមស៊ីវិលមិនមានអ្វីថ្មីទេ ដូចដែលសមាគមក៏ធ្លាប់បានបកស្រាយជូនដែរ ហើយការអះអាងក្នុងសេចក្តីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីតថភាព នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុឡើយ”។

លោកថា សេចក្តីថ្លែងការណ៍ របស់សង្គមស៊ីវិលនេះ វាផ្ទុយពីការពិតដែលមាននៅក្នុងប្រព័ន្ធការិយាល័យឥណទានកម្ពុជាដែលហៅកាត់ថា CBC ។ ដូចករណីពួកគាត់លើកថា “មានការរាប់ឥណទានធនាគារទាំងស្រុង ធ្វើជាឥណទានខ្នាតតូចនៅកម្ពុជា សុទ្ធតែជារឿងអត់ត្រូវទេ… ប្រហែលជាមានការយល់ច្រឡំ ឬគាត់មិនដឹងយ៉ាងម៉េចទេ” ។

លោករៀបរាប់បន្តថា វិស័យមីក្រូហិរញ្ញវត្ថុកំពុងផ្តល់កម្ចីដល់អតិថិជន ប្រមាណជា១,៥សែននាក់ ដោយក្នុងចំណោមទាំង១,៥សែននាក់នេះ មានប្រមាណជា៦៤ភាគរយ ដែលបានខ្ចីថវិកាត្រឹម៣ពាន់ដុល្លារ ឬតិចជាងនេះប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតលើពិភពលោក បានទទួលរងផលប៉ះពាល់ផ្ទួនៗគ្នា ពីវិបត្តិនៃជំងឺកូវីដ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រួមនឹងបញ្ហាប្រឈមនានាធ្វើឲ្យកំណើនសេដ្ឋកិច្ចយឺតជាងមុន ខណៈចំណូលពលរដ្ឋក៏ ធ្លាក់ចុះមួយចំនួន ហើយវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារក៏រងផលប៉ះពាល់ដូចគ្នា ប៉ុន្តែបានប្រឹងប្រែងតាមលទ្ធភាព របស់ខ្លួនជួយសម្រាលបន្ទុករបស់អតិថិជន តាមលទ្ធភាពដែលខ្លួនមាន។

ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា លោកក៏អំពាវនាវដល់ពលរដ្ឋ ត្រូវចាប់ផ្តើមយកចិត្តទុកដាក់រៀបចំផែនការ ហិរញ្ញវត្ថុក្នុងគ្រួសារឡើងវិញ ដោយពិនិត្យមើលចំណូល ចំណាយ បំណុល និងរៀបចំផែនការហិរញ្ញវត្ថុបានសមស្រប ។

ចំពោះពលរដ្ឋមានបញ្ហាក្នុងការ បង់សងត្រឡប់មកកាន់គ្រឹះស្ថាន លោកកាំង តុងងី ផ្ញើសារថា ត្រូវមានភាពក្លាហាន និងស្មោះត្រង់ជជែករកដំណោះ ស្រាយជាមួយគ្រឹះស្ថានផ្ទាល់ ចៀសវាងការទៅខ្ចីបំណុលក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ និងគ្មានយន្តការការពារអតិថិជន ហើយការប្រើប្រាស់កម្ចីខុសច្បាប់ទាំងនេះ នឹងមិនអាចដោយស្រាយបញ្ហាបានទេ នឹងរឹតតែធ្វើឲ្យបញ្ហាកាន់តែធំស្មុគស្មាញទៅវិញទេ។

លោកថា អតិថិជន ក៏អាចរាយការណ៍ និងសុំអន្តរាគមន៍បន្ថែម ពីសមាគមធនាគារនៅកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅពេលមានបញ្ហាជា មួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈលេខហតឡាញសមាគម ០១៥ ៣៦៥ ២២២៕

To Top