ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម សន្យាបន្តជួយអភិវឌ្ឍន៍ សហគមន៍កសិកម្ម សំបូរមានជ័យ ក្នុងស្រុកស្ទឹងត្រង់ ឲ្យក្លាយទៅជាសហគមន៍ទំនើប

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌីត ទីណា នារសៀលថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៤ នេះ បានមានប្រសាសន៍សន្យានិងបន្តជួយ អភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឱ្យក្លាយទៅជាសហគមន៍ទំនើប ។

កាកសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដូចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោករដ្ឋមន្ត្រីរួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងប្រតិភូអមដំណើរជាច្រើនទៀតបានអញ្ជើញចុះពិនិត្យ តំបន់ដីភូមិសាស្ត្ររបស់សហគមន៍ ពោលគឺ មានទឹក និងមានដី មានសក្តានុពលគ្រប់គ្រាន់ អាចអភិវឌ្ឍន៍ឲ្យសហគមន៍នេះ ក្លាយទៅជាសហគមន៍កសិកម្មទំនើបបាន ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រសួងកសិកម្ម និងត្រៀមគម្រោងមួយចំនួនមកជួយ ដើម្បីទ្រទ្រង់ឲ្យសហគមន៍កសិកម្មសំបូរមានជ័យនេះ ធ្វើការដាំដុះ ក្នុងគោលដៅ មិនឱ្យបងប្អូនក្នុងសហគមន៍ទៅខ្ចីថវិកាគេនោះទេ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើដំណើរចុះពិនិត្យមួយជុំ ក្នុងតំបន់សហគមន៍នេះ លោកសង្កេតឃើញថា តំបន់នេះមានសក្តានុពលសេដ្ឋកិច្ច មួយចំនួនទៀត ដូចជាដំណាំស្វាយចន្ទីជាដើម ដែលយើងអាចចូលរួមផលិតរួមគ្នា ជាផលិតកម្មច្រើនប្រភេទ នៅក្នុងតំបន់របស់យើង ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺផ្ដោតទៅលើ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នេះគ្រប់ផ្នែកទាំងអស់ ដែលសំខាន់ៗ ដូចជា វិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម និងវិស័យសុខាភិបាល វិស័យអប់រំជាដើម ត្រូវបានរៀបចំគោលនយោបាយតាមបណ្ដាក្រសួងនីមួយៗ ដើម្បីបាញ់ឆ្ពោះមកប្រជាពលរដ្ឋ ជាអ្នកទទួលផល ពីកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ។

លោកអភិបាលខេត្តបានបញ្ជាក់ថា វិស័យកសិកម្ម ក្រៅពីការជ្រើសរើសមន្ត្រីកសិកម្មតាមបណ្ដាឃុំ ដើម្បីជួយបណ្ដុះបណ្ដាលប្រជាកសិករយើង ឲ្យចេះដាំដុះតាមលក្ខណៈបច្ចេកទេស ឥឡូវគឺឈានមួយជំហានទៀត ទៅជាការបង្កើតសហគមន៍ទំនើប ដើម្បីឲ្យមានការប្រមូលផ្ដុំសមាជិក ពង្រឹងខ្លួនឯងបាន និងមានការគាំទ្រពង្រឹងបន្ថែមទៀត ទៅលើក្របខណ្ឌបច្ចេកទេស នីតិវិធីមួយចំនួនទៀត និងរចនាសម្ព័ន្ធ ដើម្បីឲ្យសហគមន៍នោះដើរទៅរកផ្លូវមួយ ដែលមានភាពកាន់តែរឹងមាំ ដែលហៅថា ភាពធន់និងវិបត្តិសេដ្ឋកិច្ច ឬភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ៕

To Top