ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗ ពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណ OHCHR បានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សំដៅគាំទ្រដល់ការពង្រឹងសន្តិភាព និងដំណើរការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ជាមួយគ្នានោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនលោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ៖ ការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដូចជាការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។

ជាការឆ្លើយតប លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាតឱ្យប្រតិភូ OHCHR ចុះទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។

លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ ដែលបានធ្វើក្នុងពេលកន្លងមកផងដែរ៕

To Top