ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយបំផ្លើសថា «បារីអេឡិចត្រូនិច ជាឧបករណ៍ សម្រាប់ផ្តាច់បារីនោះ» ក្រសួងសុខាភិបាល បានឆ្លើយតបវិញថា បារីអេឡិចត្រូនិក មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផល ប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម ព្រមទាំងក្រុមគ្រួសារទៅវិញ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី១០ ឧសភា ក្រសួង បានធ្វើការក្រើនរំលឹកដល់សាធារណជន ជាពិសេសយុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់មក លើសុខភាពធ្ងន់ធ្ងរ។ បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើ ឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
ក្រសួង បន្ដថា បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖ នីកូទីន (Nicotine), ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិន ដូចជា៖ Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ, បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត, សារធាតុគីមី ដែលអាចបណ្តាលឱ្យកើតជំងឺមហារីក ដូចជា៖ Acetaldehyde និង Formaldehyde, ក្រុមលោហៈធ្ងន់ ដូចជា៖ នីកែល សំណប៉ាហាំង និងសំណ។
ក្រសួង បន្ថែមថា បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេង ទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជាណាចក្រកម្ពុជា ដោយហេតុថាផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើ ប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ ក៏មានជនឆ្លៀតឱកាសបានធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកក្រោមខ្លឹមសារ បំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ក្រសួងសុខាភិបាល សូមបញ្ជាក់ថា «បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជា ផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ»។
ក្រសួង ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារី អេឡិចត្រូនិក។ សូមអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចាត់វិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុង ការអប់រំណែនាំ និងទប់ស្កាត់ការប្រើប្រាស់ការជួញដូរ និងចែកចាយបារីអេឡិចត្រូនិក ក្នុងតំបន់គ្របដណ្តប់ របស់ខ្លួន៕