ហាណូយ ៖ យោងតាមក្រសួងការងារ ជនពិការ និង សង្គមកិច្ច (MOLISA) របស់ប្រទេសវៀតណាម បានឱ្យដឹងថា ទីផ្សារការងារកំពុងវិលត្រលប់ ទៅរកនិន្នាការអភិវឌ្ឍន៍ ធម្មតាវិញជាបណ្តើរៗ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ ក្រសួងការងារបានកត់សម្គាល់ថា នៅតែមានបញ្ហាដែលត្រូវដោះស្រាយ ជាពិសេសអត្រា អត់ការងារធ្វើរបស់យុវជន គឺមានកម្រិតខ្ពស់។
យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងការងារ ជនពិការ និងសង្គមកិច្ច ថ្មីៗនេះគឺបានចេញផ្សាយទិន្នន័យទាក់ទង នឹងស្ថានភាពទីផ្សារការងារ និងការងារក្នុងត្រីមាសទី១ ឆ្នាំ ២០២៤។ ការចាប់អារម្មណ៍ជាពិសេស គឺការកើនឡើង នៃអត្រាអ្នកអត់ការងារធ្វើធៀប នឹងត្រីមាសមុន និងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានការថយចុះជាធម្មតា នៃភាពអត់ការងារធ្វើបន្ទាប់ពីថ្ងៃបុណ្យ ចូលឆ្នាំថ្មីក៏ដោយ។
អត្រាអត់ការងារធ្វើ របស់យុវជនក្នុងប្រទេសវៀតណាម នៅតែខ្ពស់គួរឲ្យកត់សម្គាល់ ។ នៅទូទាំងប្រទេស មានអ្នកអត់ការងារធ្វើប្រហែល ១លាន៤សែននាក់ (អាយុពី ១៥ឆ្នាំ ទៅ ២៤ឆ្នាំ) ដែលមិនមានការងារធ្វើ ឬចូលរួមក្នុងការអប់រំ ឬបណ្តុះបណ្តាល ដែលស្មើនឹង ១១ ភាគរយនៃចំនួនយុវជនសរុប ។ អត្រានេះខ្ពស់ជាងនៅតំបន់ជនបទបើធៀប នឹងតំបន់ទីក្រុងដែលឈរនៅ ១២,៨ភាគរយ ធៀបនឹង៨,៣ភាគរយរៀងខ្លួន។
ក្នុងត្រីមាសទីមួយ កម្លាំងពលកម្មទូទាំងប្រទេសដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងគឺមានចំនួន ៥២,៤ លាននាក់ ពោលគឺថយចុះចំនួន ១៣៧,៤ ពាន់នាក់បើធៀបនឹងត្រីមាសមុន និងកើនឡើងចំនួន ១៧៥,៨ ពាន់នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អត្រាចូលរួមក្នុងកម្លាំងពលកម្មត្រូវបានរាយការណ៍ថាមានចំនួន ៦៨,៥ ភាគរយ ដែលឆ្លុះបញ្ចាំងពីការថយចុះ ០,៤ភាគរយធៀបនឹងត្រីមាសមុន និងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ កម្លាំងពលកម្មដែលមានការងារធ្វើត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥១,៣ លាននាក់ ដែលបង្ហាញពីការថយចុះចំនួន ១២៧ ពាន់នាក់បើធៀបនឹងត្រីមាសមុន និងកើនឡើងចំនួន ១៧៤,១ ពាន់នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់ចំណូលជាមធ្យមរបស់កម្មករក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ គឺ ៧,៦ លានដុង (៣០០ ដុល្លារ) ក្នុងមួយខែ កើនឡើង ៣០១.០០០ដុង (១១,៨ដុល្លារ) បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៣ និងកើនឡើង ៥៤៩.០០០ ដុងធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣៕
ប្រែសម្រួលៈ ណៃ តុលា