ព័ត៌មានជាតិ

កុមារម្នាក់ដួលម៉ូតូទង្គិច នឹងធាងត្នោតដាច់សរសៃ ក បណ្តាលឲ្យហូរឈាមខ្សោះពីខ្លួន ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតជោគជ័យ

ភ្នំពេញ ៖ កុមារអាយុ១១ ឆ្នាំម្នាក់មកពីខេត្តស្វាយរៀង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ះទង្គិចជាមួយ ធាងត្នោបណ្តាលឲ្យដាច់សរសៃឈាមវែន នៅតំបន់បំពង់ក ធ្វើឲ្យហូរឈាមអស់ស្ទើរតែខ្សោះអស់ពីខ្លួន និងប្រឈមនឹងបាត់បង់ជីវិតនោះ ត្រូវបានជួយសង្រ្គោះបានហើយ ដោយក្រុមគ្រូពេទ្យគន្ធបុប្ផា។

បើតាមហ្វេសប៊ុកមូលនិធីគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៣ ឧសភានេះ បានបញ្ជាក់បន្តថា បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារមកពីខេត្តស្វាយរៀងរូបនេះ ត្រូវបានបញ្ជូលឈាម និងវះកាត់តសសៃឈាមភ្លាមៗ ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង និងបានធ្វើឲ្យកុមាររូបនេះ រួចផុតពីកកណ្តាប់ដៃមច្ចុរាជកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ចំពោះ ការខំប្រឹងប្រែងជួយសង្រ្គោះជីវិត ទារក និងកុមារ នៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងមិនគិតថ្លៃ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីភាពញញឹមរបស់កុមារនៅកម្ពុជា ៕

To Top