តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថាប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគ្រោងនឹងពង្រឹងវិធានការ ប្រឆាំងនឹងការជួញដូរខុសច្បាប់ នៃផលិតផលក្លែងក្លាយ ដោយសហការជាមួយប្រតិបត្តិករទីផ្សារអនឡាញ។
ជាមួយនឹងអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដើរតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរ ដៃគូដែលមានគំនិតដូចគ្នានឹងសហការជាមួយប្រតិបត្តិករទីផ្សារអនឡាញដូចជា Amazon.com Inc. និង Rakuten Group Inc. ហើយមានបំណងបង្កើតគោលការណ៍ណែនាំនៅឆ្នាំ២០២៥ ឬក្រោយនេះ ដើម្បីការពារ ទំនិញម៉ាកក្លែងក្លាយពីការជួញដូរតាមអ៊ីនធឺណិត។
ឥទ្ធិពលសេដ្ឋកិច្ច នៃការក្លែងបន្លំបានរីករាលដាល និងធំសម្បើម ដោយទំនិញបែបនេះជាច្រើនត្រូវបានផលិត និងដាក់លក់នៅក្នុងប្រទេសចិន និងប្រទេសកំពុងរីកចម្រើនផ្សេងទៀត។
ប្រភពបានឲ្យដឹងថា ការពិភាក្សាអំពីវិធានការ តបតជាមួយនឹងការចូលរួមរបស់ប្រតិបត្តិករទីផ្សារអនឡាញគឺមានសារៈសំខាន់ ព្រោះវាពិបាកសម្រាប់ OECD ដែលបង្កើតឡើងជាចម្បងដោយប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ក្នុងការដាក់សម្ពាធលើពាណិជ្ជករអនឡាញនៅក្នុងប្រទេសដែលកំពុងរីកចម្រើន។
OECD បានបង្កើតក្រុមការងារមួយស្តីពី ការប្រឆាំងពាណិជ្ជកម្មក្លែងក្លាយនៅចុងឆ្នាំ២០២២ ហើយបានចាប់ផ្តើមការពិភាក្សាកម្រិតរដ្ឋាភិបាលលើបញ្ហានេះកាលពីខែមុន៕
ប្រែសម្រួល ឈូក បូរ៉ា