ព័ត៌មានអន្តរជាតិ

វៀតណាម៖ អ្នកទេសចរចំនួន ៥២នាក់ ពុលគ្រឿងសមុទ្រ នៅខេត្ត Binh Thuan

VN Express

បរទេស៖ អ្នកទេសចរចំនួន ៥២នាក់ក្នុងក្រុមដែលមានមនុស្ស ៧៥០នាក់ ដែលកំពុងធ្វើវិស្សមកាលនៅភាគខាងត្បូងខេត្ត Binh Thuan ប្រទេសវៀតណាម ប្រហែលជាបានទទួលរងការពុលអាហារបន្ទាប់ពីទទួលទានអាហារសមុទ្រនៅភោជនីយដ្ឋានមួយ និងបានជប់លៀងផឹកស៊ីនៅឆ្នេរសមុទ្រ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត Binh Thuan បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកទេសចរមកពីភាគខាងត្បូងប្រទេសវៀតណាម បានស្នាក់នៅរមណីយដ្ឋានឆ្នេរមួយក្នុងទីក្រុង Phan Thiet ។ ដំណើរកម្សាន្តរបស់ពួកគេត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក។

ពួកគេ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Hong Vinh កាល​ពី​ថ្ងៃ​អាទិត្យ ចម្ងាយ​ប្រហែល ៤ គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ពួកគេ​ស្នាក់​នៅ។ មុខម្ហូបរួមមាន អយស្ទ័រ ក្តាម ត្រី មឹក និងអាហារផ្សេងៗទៀត។ ក្រុម​ព្នកទេសចរបាន​ត្រឡប់​មក​សណ្ឋាគារ​វិញ​ដើម្បី​សម្រាក​នៅ​ម៉ោង​ប្រហែល ៩ និង ៣០ នាទី​យប់។ ពួកគេ​ខ្លះ​ទៅ​ឆ្នេរ​សម្រាប់​ជប់លៀង​ពេល​យប់ ដោយ​បានកុម្ម៉ង់​បង្គា និង​អាហារ​ផ្សេងៗ។

នៅព្រឹកថ្ងៃច័ន្ទ មនុស្សមួយចំនួនចាប់ផ្តើមបង្ហាញរោគសញ្ញាដូចជា ឈឺពោះ ចង្អោរ និងរាគ។ ជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីទី១ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Ham Tien ក្នុងទីក្រុងនៅម៉ោងប្រហែល ៧ និង៣០នាទីព្រឹក ហើយអ្នកផ្សេងទៀតបានមកដល់គ្លីនិកតំបន់ Mui Ne និងមន្ទីរពេទ្យទូទៅ Binh Thuan។

គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ មនុស្ស​៥២​នាក់​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យដំបូងគឺការពុលអាហារ។ អ្នកជំងឺទាំងអស់ដឹងខ្លួន និងមានស្ថេរភាព។ គិតត្រឹមរសៀល មានមនុស្ស ៣២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ២០ នាក់ទៀត ត្រូវបានគេរំពឹងថានឹងចេញពីមន្ទីរពេទ្យនៅថ្ងៃអង្គារ។

មន្ទីរសុខាភិបាលខេត្ត Binh Thuan កំពុងផ្ទៀងផ្ទាត់ព័ត៌មាន និងយកសំណាក ដើម្បីរកមូលហេតុនៃឧបទ្ទវហេតុពុល​អាហារនេះ។

ករណីពុលអាហារជាច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានមួយចំនួន រួមមាន Nha Trang, Dong Nai និង HCMC នាពេលថ្មីៗនេះ។ អ្នកជំនាញព្រមានពីហានិភ័យខ្ពស់នៃការពុលអាហារ ដោយសារសីតុណ្ហភាពខ្ពស់ ជាពិសេសអាហារតាមចិញ្ចើមផ្លូវ៕ប្រែសម្រួលៈ ណៃ តុលា

To Top