ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ នឹងមិនទទួលយកជនចំណាកស្រុក ក្រោមកតិកាសញ្ញាថ្មី ស្តីពីការធ្វើចំណាកស្រុករបស់សហភាពអឺរ៉ុប

Xinhua

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានឲ្យដឹងថា “ប៉ូឡូញនឹងមិនទទួលយកជនចំណាកស្រុកណាមួយឡើយ” ក្រោមកិច្ចព្រមព្រៀងថ្មីរបស់សហភាពអឺរ៉ុប ស្តីពីការធ្វើចំណាកស្រុក និងសិទ្ធិជ្រកកោន។

លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រីថារដ្ឋាភិបាលរបស់លោក បានបោះឆ្នោតប្រឆាំងនឹងកតិកាសញ្ញានេះ។ លោកបានលើកឡើងថា កតិកាសញ្ញានេះ “អនុម័តក្នុងទម្រង់នេះ ដូចសព្វថ្ងៃនេះ ផ្តល់ឱកាសឱ្យប៉ូឡូញ ជៀសវាងផលវិបាកអវិជ្ជមានណាមួយ ហើយប៉ូឡូញនឹងក្លាយជាអ្នកទទួលផលនៃកតិកាសញ្ញា”។

លោកបានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញ ដែលបានទទួលយកជនចំណាកស្រុករាប់រយពាន់នាក់ នឹងមិនមានកាតព្វកិច្ចទទួលយកជនចំណាកស្រុកបន្ថែមទៀតទេ ហើយសហភាពអឺរ៉ុប នឹងមិនដាក់កូតាជនចំណាកស្រុកណាមួយលើប៉ូឡូញឡើយ។

នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ប្រទេសរបស់លោកនឹងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីអឺរ៉ុប ទាក់ទងនឹងការទទួលជនចំណាកស្រុកមកពីប្រទេសជិតខាងភាគខាងកើតនៃប្លុកនេះ។

សកម្មភាពនីតិប្បញ្ញត្តិចំនួន ១០ ដែលធ្វើកំណែទម្រង់ក្របខ័ណ្ឌអឺរ៉ុប សម្រាប់ការគ្រប់គ្រងសិទ្ធិជ្រកកោន និងការធ្វើចំណាកស្រុកត្រូវបានអនុម័តដោយរដ្ឋជាសមាជិកកាលពីថ្ងៃអង្គារ។ កតិកាសញ្ញាថ្មីស្វែងរកព្រំដែនកាន់តែតឹងតែង និងការទទួលខុសត្រូវរួមគ្នា សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងចំណោមសមាជិកសហភាពអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top