ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។
មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។
លោក ស៊ី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរួមមួយជាមួយលោក ពូទីន ថា ប្រទេសចិន សង្ឃឹមថាសន្តិភាព និងស្ថិរភាពនឹងវិលត្រឡប់ មកកាន់ទ្វីបអឺរ៉ុបវិញឲ្យបានឆាប់ នេះបើយោងតាមក្រសួងការបរទេសចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានឲ្យដឹងថា លោក ពូទីន បានសម្តែងការដឹងគុណ ចំពោះទីក្រុងប៉េកាំង ចំពោះសំណើរបស់ខ្លួនស្តីពីការដោះស្រាយ ស្ថានការណ៍អ៊ុយក្រែនក្នុងអំឡុង សន្និសីទសារព័ត៌មាន។ លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសចិន រហូតដល់ថ្ងៃសុក្រ។
ចិនប្រឆាំងនឹងទណ្ឌកម្មលោកខាងលិច លើរុស្ស៊ីជុំវិញសង្រ្គាមអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប បានសម្តែងការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់របស់ ទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូ ដែលអាចប្រើបានទាំងក្នុងគោលបំណងស៊ីវិល និងយោធា ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
