ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស.ស.ក.ច.) ដឹកនាំដោយ លោក សយ សុភាព ជាប្រធាន និងលោក លី ស៊ាវហ្គ័ង អនុប្រធាន និងថ្នាក់ដឹកនាំរបស់សមាគម ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមុនបញ្ចប់បេសកកម្មរបស់លោក នាពេលឆាប់ៗខាងមុខនេះ នាស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម ដែលបានចូលរួមសហការ ជាមួយនឹងស្ថានទូត នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជន ពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាពនានា របស់ស្ថានទូត នាពេលកន្លងមក ។
លោកទូត បានលើកឡើងទៀតថា សមាគម ក៏ដូចជាអ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សាយនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនង រវាងប្រជាជននិងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ ដែលបាននិងកំពុងបន្តធ្វើនាពេលកន្លងមក ហើយសង្ឃឹមថា សមាគមនឹងបន្តចូលរួមចំណែក ជាមួយស្ថានទូតដើម្បីផ្សព្វផ្សាយ ព័ត៌មានទាំងអស់នេះបន្ថែមទៀត ។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ប្រធានសមាគម បានសម្តែងនូវការថ្លែងអំណរគុណ ដល់លោកឯកអគ្គរដ្ឋទូត ដែលនៅក្នុងអាណត្តិរបស់លោកនេះ គឺជាអ្នកបង្កើតសមាគម ដ៏មានសារសំខាន់នេះឡើង ហើយមកទល់នឹងពេលនេះ មានរយៈពេល ៥ឆ្នាំហើយដែរ ដែលស្ថានទូត ក៏ដូចជាលោកឯកអគ្គរដ្ឋទូតផ្ទាល់ បានជួយជ្រោមជ្រែង ដល់ការគាំទ្រ យ៉ាងពេញទំហឹងដល់សមាគម ។
លោក សយ សុភាព បានបង្ហាញនូវការជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សមាគមនឹងបន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋបានយល់ ពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌ BRI របស់ចិន ក៏ដូចជាមេគង្គ-ឡានឆាង និងព្រែកជីកហ្វូណនតេជោ ដែលជាប្រធានបទថ្មីដ៏សំខាន់ ដែលសមាគមអ្នកសារព័ត៌មានកម្ពុជាចិន មានបេសកកម្មចំបង នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
លោក សយ សុភាព ក៏បានជូនពរឲ្យដំណើរបេសកកម្ម របស់លោកឯកអគ្គរដ្ឋទូត នឹងទទួលបានជោគជ័យថែមទៀត នូវភារកិច្ចថ្មីនៅពេលខាងមុខ ។
សូមបញ្ជាក់ថា សមាសភាព ថ្នាក់ដឹកនាំនៃសមាគមអ្នកសារព័ត៌មានចិន ដែលអញ្ជើញចូលរួមនាឱកាសនេះ រួមមាន៖ លោក សយ សុភាព ប្រធានសមាគម, លោក លី ស៊ាវហ្គ័ង អនុប្រធាន, លោក ហើស សិរីធន់ ទីប្រឹក្សា, លោក មាស ឬទ្ធី អនុប្រធាន, លោក ឃឹម ប៊ុនណាក់ សមាជិក, លោក ជ័យ មករា សមាជិក, លោក ស៊ុយ សុខឃុន សមាជិក និងជាអគ្គលេខាធិការ និងលោក សយ សុភា អគ្គលេខាធិការរង៕