យូអិន៖ អង្គការសហប្រជាជាតិ បានចាត់ទុកការចែកចាយ ជំនួយមនុស្សធម៌ “ស្ទើរតែមិនអាចទៅរួច” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានសង្រ្គាម ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) ដែលបានអូសបន្លាយជាង ២០០ថ្ងៃ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការចែកចាយជំនួយមនុស្សធម៌ “ស្ទើរតែមិនអាចទៅរួចនោះទេ” នៅក្នុងតំបន់ហ្គាហ្សា ដោយសារតែការផ្គត់ផ្គង់ប្រេងមិនទៀងទាត់ និងការរំខានដល់ទំនាក់ទំនង ចំពេលមានការប្រយុទ្ធគ្នាខ្លាំងនៅទីនោះ។
ប្រភពពី OCHA បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាច្រកឆ្លងកាត់សំខាន់ៗ សម្រាប់ជំនួយទៅកាន់តំបន់ហ្គាហ្សា ត្រូវបានបិទអស់រយៈពេលជាច្រើនថ្ងៃ ហើយឥឡូវនេះការចូលទៅកាន់តំបន់ប៉ាឡេស្ទីន មិនមានសុវត្ថិភាព ឬមិនអាចធ្វើទៅរួចនោះទេ ។
កាលពីថ្ងៃទី០៥ ខែឧសភា អ៊ីស្រាអែល បានបិទច្រកពាណិជ្ជកម្មតែមួយគត់ នៃច្រក Kerem Shalom ជាមួយតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ទៅលើចំណុចយោធា អ៊ីស្រាអែលក្បែរនោះ ដែលបានសម្លាប់ទាហាន ៤នាក់។
ភ្លាមៗបន្ទាប់ពីការបើកដំណើរការឡើងវិញនៅថ្ងៃទី៨ ខែឧសភា ក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែតចំនួន ៨ គ្រាប់ពីភាគខាងត្បូងទីក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់តំបន់ឆ្លងកាត់ Kerem Shalom ក្នុងប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា