ព័ត៌មានជាតិ

អ្នកសារព័ត៌មាន មើលឃើញថាការសិក្សាជំនាញ របស់យុវជន ក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស គឺមានភាពទំនើប មានឧបករណ៍សម្បូរបែប

ភ្នំពេញ៖ អ្នកសារព័ត៌មានលើកឡើងថា ការសិក្សាជំនាញ របស់យុវជន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ គឺមានភាពទំនើប ដោយវិទ្យាស្ថានបណ្តុះបណ្តាល មានឧបករណ៍ សម្រាប់សិក្សាសម្បូរបែប សិស្សមានការអនុវត្តន៍ផ្ទាល់បានយ៉ាងល្អ បន្ទាប់ពីសិក្សាទ្រឹស្តីជាមួយសាស្រ្តាចារ្យនៅក្នុងថ្នាក់រៀន។ តាមរយៈការសិក្សាដ៏ល្អប្រសើរនេះយុវជននឹងសម្រេចបាននូវអភិក្រមរបស់សម្តេចនាយករដ្ឋមន្រ្តី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

N4032

កញ្ញា ណុប ស្រីម៉ៅ អ្នកសារព័ត៌មានខ្មែរថាមស៍ថា៖«អ្វីដែលខ្ញុំមានការភ្ញាក់ផ្អើលបំផុតនៅពេលចុះមកយកព័ត៌មាននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាផ្ទាល់នៅពេលនេះគឺការសិក្សារបស់សិស្សគឺទំនើប ឧបករណ៍សិក្សាមានច្រើនសម្បូរបែបនៅក្នុងសាលា ជាពិសេសនៅក្នុងវិទ្យាស្ថានមានកន្លែងអនុវត្តផ្ទាល់ ជាក់ស្តែងដូចកន្លែងការងារ មើលទៅការសិក្សាជំនាញរបស់រាជរដ្ឋាភិបាលមួយនេះគឺអស្ចារ្យខ្លាំងណាស់ គួរឱ្យសរសើរមែនទែន»។

N4227

កញ្ញាសង្កត់ធ្ងន់ថា ក្រៅតែពីមានកម្មវិធីសិក្សាគួរឱ្យកោតសរសើរ ក្នុងនោះការយកចិត្តទុកដាក់ពីសំណាក់គ្រូបង្រៀនបច្ចេកទេស បូករួមទាំងវិន័យដ៏ល្អរបស់វិទ្យាស្ថាន ធ្វើឱ្យសិស្សដែលកំពុងសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលនៅទីនេះមានភាពរហ័សរហួន វិន័យល្អ មានសុជីវធម៌ និងសីលធម៌ល្អ។ ដែលទាំងនេះគឺកត្តាមួយដ៏មានសារសំខាន់ណាស់ ពីព្រោះក្រៅតែពីសមត្ថភាព សិស្សត្រូវមានសីលធម៌ល្អ និងការប្រព្រឹត្តល្អនៅក្នុងសង្គម បន្ទាប់ពីពួកគេបានបញ្ជប់ការសិក្សាជំនាញរបស់ខ្លួន។

N2032

ដោយឡែកកញ្ញា ដេត សាវត្តី អ្នកសារព័ត៌មានវិទ្យុអេប៊ីស៊ី ថា៖«ក្នុងនាមជាអ្នកសារព័ត៌មានពិតជាស្ងោចសរសើរចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីធ្លាសាលាធំទូលាយ មានកន្លែងសិក្សាល្អ មានបន្ទប់អនុវត្តផ្ទាល់ មានកន្លែងស្នាក់នៅរបស់សិស្ស មានកន្លែងហូបបាយល្អ មើលទៅសាលាមួយនេះប្រៀបបានដូចផ្ទះរបស់សិស្សចឹង។ សិស្សនៅទីនេះគឺមានសុជីវធម៌ សីលធម៌ល្អណាស់ ខ្ញុំសូមសរសើរអស់ពីចិត្តតែម្តង»។

កញ្ញាបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជននៅអាណត្តិនេះគឺមានភាពអស្ចារ្យខ្លាំងណាស់។ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលមួយនេះ ដូច្នេះសូមឱ្យយុវជន ក៏ដូចជាពលរដ្ឋទាំងអស់សូមមកទទួលយកការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរហូតដល់រៀនចប់នេះកុំបីអាក់ខាន។

N4207
N2032
N2032

ទន្ទឹមនឹងនេះក្នុងនាមជាអ្នកសារព័ត៌មានដែលមានតួនាទីផ្សព្វផ្សាយដំណឹងជូនពលរដ្ឋកម្ពុជា ពួកគេនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ក្នុងការផលិតនូវមាតិកាល្អៗ និងទាក់ទាញ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញអ៊ីនធើណេតឱ្យបានផុសផុល ធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏មានសារសំខាន់នេះទៅដល់ដៃពលរដ្ឋនៅទូទាំងប្រទេស ដើម្បីឱ្យពួកគេមកចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់រៀនចប់ ប្រសិនបើពួកគេជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

To Top