ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នា។
លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក ចូសេហ្វ សូយ័រ និងបានថ្លែងអំណរគុណ ចំពោះភ្នាក់ងារអង្គការ សហប្រជាជាតិ ដែលនៅតែបន្តផ្ដល់ការគាំទ្រ ដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាង ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារ UN បានរួមចំណែកក្នុង ដំណើរការស្ដារកម្ពុជា ក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅ សកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក ចូសេហ្វ សូយ័រ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមួយចំនួន រួមមាន ៖ អភិបាលកិច្ច នៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គមជាអាទិ៍។
ជាការឆ្លើយតបលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការ ជាមួយអង្គការសហប្រជាជាតិ នាពេលកន្លងមក ។
ក្នុងជំនួបនោះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅ ដែលបានគ្រោងទុក ៕