ព័ត៌មានជាតិ

នាវាកម្ពុជា៥គ្រឿង ដែលវៀតណាម មិនឲ្យសំចត នឹងចូលចត នៅកំពង់ផែស្វយ័តភ្នំពេញ បន្ទាប់ពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មនុស្សទាំងអស់ លើនាវាមានសុខភាពល្អ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាត ឲ្យនាវាទេសចរណ៍ កម្ពុជា៥គ្រឿង ដែលកាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរ របស់ប្រទេសវៀតណាម ហាមមិនឲ្យចូលចត ដើម្បីដាក់ភ្ញៀវទេសចរចុះ នោះឲ្យចូលមកកម្ពុជាវិញ ។ នេះបើយោងតាមសេចក្ដី ជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។

សេចក្ដីប្រកាសអះអាងថា បន្ទាប់ពីធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ចត្តាឡីស័ករួចមក ដោយជាលទ្ធផលបានឲ្យដឹងថា មនុស្សទាំងអស់ នៅក្នុងនាវាខាងលើ មានសុខភាពល្អ និងមិនមានសញ្ញា ផ្ទុកមេរោគកូវីដ១៩ឡើយ ។ ហើយត្រូវបានអនុញ្ញាត ឲ្យចាកចេញពីច្រកទ្វារព្រំដែនក្អមសំណរ ទៅកាន់កំពង់ផែស្វយ័តភ្នំពេញវិញ ដើម្បីបន្តបំពេញនីតិវីធីតាមជំនាញ និងផ្លូវច្បាប់ជាធរមាន ។

នាវាទេសចរណ៍ទាំង៥នោះ ផ្ទុកអ្នកដំណើរសរុបទាំងអស់២០០នាក់ ក្នុងនោះមានភ្ញៀវទេសចរ ចំនួន៧៧នាក់ និងនាវិកចំនួន១២៣នាក់ ។

នាវាទេសចរណ៍ទាំង៥នោះមានឈ្មោះ៖ ១. AQUA MEKONG (ផ្ទុកនាវិក ៣១នាក់ មាន ៣សញ្ជាតិ), ២. RA LAN DIEP (ផ្ទុកនាវិក ២២នាក់ មាន ០២សញ្ជាតិ) , ៣. INDOCHINE (ផ្ទុកនាវិក ២៤នាក់ មាន ២សញ្ជាតិ) រួមទាំងភ្ញៀវទេសចរណ៍ (៣៦នាក់ មាន ២សញ្ជាតិ) រុស្ស៊ី ២នាក់, (បារាំង ៣៤នាក់) ស្រី ១៩នាក់, ៤. RV TOUM TIOU II (ផ្ទុកនាវិក ១៦នាក់) មាន២សញ្ជាតិ (រួមទាំងភ្ញៀវទេសចរណ៍ ៦នាក់) មាន៤សញ្ជាតិ (កាណាដា ២នាក់) ស្រី ១នាក់, (ស្វីស ២នាក់) ស្រី ១នាក់, (អាមេរិក១នាក់), ខ្មែរ១នាក់) និងទី៥មានឈ្មោះ INDOCHINE II ផ្ទុកនាវិក (២៩នាក់) មាន៤សញ្ជាតិ រួមទាំងភ្ញៀវទេសចរណ៍ (៣៤នាក់) មាន២សញ្ជាតិ (ដាណាម៉ាក ៣៣នាក់) ស្រី ១៧នាក់, (បារាំង១នាក់)។
ទាក់ទិនជាមួយបញ្ហានេះ ក្រោយមានការស្នើសុំអន្តរាគមន៍ ពីម្ចាស់នាវាកាលពីថ្ងៃទី១៥មីនាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណការ និង ដឹកជញ្ជូន ចេញអន្តរាគមន៍ ជួយនាវាទេសចរណ៍ទាំង ៤គ្រឿងនោះភ្លាមៗផងដែរ ៕ដោយ៖ធី លីថូ

To Top