ព័ត៌មានជាតិ

កម្ពុជា ត្រៀមជាស្រេច សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ តែកម្ពុជា បានត្រៀមជាស្រេច សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ។

លោករដ្ឋមន្រ្តីបន្តថា កំណើនកំដៅសីតុណ្ហភាពខ្ពស់នៅរដូវប្រាំងនាឆ្នាំ២០២៤នេះ គឺជាភស្តុតាងបញ្ជាក់អំពីផលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស ហើយជាការចាំបាទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយបញ្ហាសកលមួយនេះ ស្របទៅតាមគោលការណ៍ដែលមានស្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោកថា ទន្ទឹមនឹងនេះផងដែរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដៃគូ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនោះកម្ពុជាក៏បានរៀបចំនូវផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់លាស់ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

សម្រាប់ជំនួបនេះ ភាគីទាំងពីរនឹងបន្តធ្វើការរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអៀរឡង់ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕

To Top