ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅព្រឹកថ្ងៃ២១ ឧសភានេះ បានបង្ហាញមុខសញ្ញាក្រុមក្មេងទំនើងចំនួន៨នាក់ ដែលមានឈ្មោះក្រុមសប្បាយបោះគេ (SBK) ហើយក៏បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
ការបង្ហាញមុខក្រុមសប្បាយបោះគេ (SBK)នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ កាលពីថ្ងៃ២០ ឧសភា នៅចំណុចហាងណាតកាហ្វេ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៤ករណី។
ករណីទាំង៤នេះ ៖ ទី១- ព្រួតគ្នាដេញវាយ និងយកកាំបិតកាប់បណ្តាលរងរបួស ជាទម្ងន់ ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេរ៉ូលលើ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃ២០ មេសា ។
ទី២- ព្រួតគ្នាដេញវាយ និងយកកាំបិតកាប់បណ្តាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿង ប្រព្រឹត្តនៅចំណុចតូបកាហ្វេដូងយីហោណាណាមុខផ្ទះលេខ៧ ផ្លូវលេខ៥៣៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃ២០ មេសា ។
ទី៣- ព្រួតគ្នាដេញវាយ និងយកដាវកែច្នៃកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន១គ្រឿង ប្រព្រឹត្តចំណុចដីឡូតិ៍មួយកន្លែង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ១០ ឧសភា ។
ទី៤- ព្រួតគ្នាដេញវាយ និងយកកាំបិតប៉័ងតោកាប់ ម៉ូតូបណ្តាលឲ្យរងការខូចខាត និងលួចយកមួកសុវត្ថិភាព និងទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចតូបកាហ្វេដូងយីហោណាណាមុខផ្ទះលេខ៧ ផ្លូវលេខ៥៣៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃ៩ មីនា។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕