ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក បញ្ជាក់ជាថ្មី អំពីការត្រៀមលក្ខណៈ រួចរាល់ប្រើប្រាស់ ចំណាត់ការទាំងអស់ ប្រយុទ្ធនឹងវីរុស

បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក តារ៉ូ អាសូ បាននិយយា នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ជាថ្មី នូវការត្រៀមលក្ខណៈ ជាស្រេចរបស់ខ្លួន ប្រើប្រាស់រាល់វិធានការសមស្របទាំងអស់ ដើម្បីការពារសេដ្ឋកិច្ច មិនឲ្យរងហានិភ័យបង្កឡើង ដោយការផ្ទុះឆ្លងកូរ៉ូណាវីរុស ។

ថ្លែងក្រោយនិយាយគ្នា តាមទូរស័ព្ទជាមួយលោក Steven Mnuchin ជារដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក តារ៉ូ អាសូ បានមានប្រសាសន៍ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា លើកកម្ពស់សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមប្រទេស G7 ផ្សេងទៀត ។

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន តាមសេចក្តីរាយការណ៍ បានបន្តទៀតថា សម្ពន្ធមិត្តទាំងពីរ នឹងបន្តផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងជិតស្និទ្ធ ស្តីពីទីផ្សារហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែលោកបានបដិសេធ ផ្តល់សេចក្តីអត្ថាធិប្បាយ ស្តីពីរូបិយបណ្ណ និងការផ្លាស់ប្តូរទីផ្សារភាគហ៊ុន៕
ប្រែសម្រួល៖ប៉ាង កុង

To Top