ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្ថិតនៅក្នុង សង្កាត់ដើមមៀននិងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមសហការ ក្នុងគម្រោងស្ថាបនាប្រព័ន្ធទឹកស្អាត។
តាមរយៈសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះអនុវត្តការងារជីកដាក់បំពង់មេនាំ ទឹកស្អាតទំហំ៨០០មម ចេញពី រោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលមានប្រវែង ៧៧៥ម៉ែត្រ លើផ្លូវលេខ១០២, ផ្លូវជាតិលេខ២, ផ្លូវលេខ២០៥ និងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ដើមមៀន និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងនោះរួមមាន ការងារខួងតេស្ត ,ការងារសាងសង់សសរបេតុងទម្រាំបំពង់ តម្លើងបំពង់ដែក ទំហំ៨០០មម ឆ្លងព្រែក និងការងារជីកកាត់ផ្លូវ ដើម្បីបង្កើននូវបរិមាណផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ។
អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្ថិតនៅក្នុងសង្កាត់ដើមមៀន និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ព្រមទាំងសា្ថប័នមានសមត្ថកិច្ច ពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តតាមការគួរ ៕