បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ព័ត៌មានពីកាសែត The Bloomberg បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីប្រទេស G7 នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃសៅរ៍បង្ហាញ ពីការគាំទ្រ របស់ពួកគេ ចំពោះការប្រើប្រាស់ប្រាក់ចំណូល ដែលរកបានប្រហែល៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលជាប់គាំង ដើម្បីជួយដល់អ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹង ពិភាក្សាអំពីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍នៅទីក្រុង Stresa របស់អ៊ីតាលី មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំ G7 នៅខែមិថុនា។
នៅក្នុងការបន្តនៃកិច្ចប្រជុំនេះ សហរដ្ឋអាមេរិកបាននិងកំពុងដាក់ សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឱ្យប្រើប្រាស់ ប្រាក់ចំណេញនាពេលអនាគត ពីមូលនិធិរុស្ស៊ី ដែលមិន មានចលនាជាការធានា សម្រាប់ប្រាក់កម្ចី រាប់ពាន់លានដុល្លារ ដល់ទីក្រុងគៀវ។
ខណៈពេលដែលរដ្ឋាភិបាលវ៉ាស៊ីនតោន គឺជាអ្នកដំបូងគេ ដែលបានតស៊ូមតិ អំពីការរឹបអូសយកលុយនេះទាំងស្រុង ប្រជាជនអឺរ៉ុបបានជំទាស់ ដោយលើកឡើង ពីបញ្ហាផ្លូវច្បាប់ និងការខូចខាត ដែលអាចកើតមាន ចំពោះភាពជឿជាក់ផ្នែកហិរញ្ញវត្ថុ របស់បស្ចិមប្រទេស៕
ប្រែសម្រួល៖ស៊ុនលី