ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជា ក្រសួងការបរទេស បានផ្ញើលិខិតផ្លូវការមួយ ទៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ឡើយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៩ មីនានេះ បានឲ្យដឹងថា វិធានការបិទព្រំដែនបណ្ដោះអាសន្ន នឹងត្រូវធ្វើឡើង ចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ ។
ក្នុងស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពារ ការរីករាលដាលនៃវីរុស Covid-19 កម្ពុជា បានស្នើឲ្យអាជ្ញាធរវៀតណាម ជូនដំណឹងដល់ពលរដ្ឋវៀតណាម កុំឲ្យធ្វើដំណើរមកកម្ពុជា តាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងអំឡុងពេលសុពលភាព នៃការរឹតត្បិតការធ្វើដំណើរ របស់វៀតណាម ដែលបានចូលជាធរមាន ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៨ មីនា ។
ការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀស នូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។
វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ ។
សូមរំលឹកថា កាលពីថ្ងៃ១៧ មីនា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ចូលវៀតណាម រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប៉ពីម៉ោង ១២យប់ ថ្ងៃទី១៨ មីនា ។ អ្នកដំណើរចូលវៀតណាមទាំងអស់ នឹងទទួលការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម ។ ការដាក់ឲ្យនៅដាច់ដោយឡែក ក្នុងទ្រង់ទ្រាយធំ នៅទីតាំងដែលបានរៀបចំទុក នឹងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីអាមេរិក អឺរ៉ុប និងអាស៊ាន ៕