ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិនិត្យលទ្ធភាព បណ្ដុះបណ្ដាលជំនាញ ដែលឆ្លើយតបទីផ្សារការងារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិនិត្យលទ្ធភាព សហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ។

ការជំរុញរបស់សម្ដេចធិបតីធ្វេីឡេីង ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព នាថ្ងៃទី២៨ ឧសភានេះ ។

ក្នុងជំនួបនេះ សម្តេចធិបតី បានអរគុណចំពោះ សមាគមដែលបានខិតខំ បំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសាស្ត្រាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំង បានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំង ប្រទេសកម្ពុជា ព្រមទាំង ការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយ លើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាព លើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និង សុខភាព ការធ្វើទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។

ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការសំខាន់៣ ដូចខាងក្រោម៖ (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹង តម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួម អនុវត្តនូវយន្តការភាពជាដៃគូ រវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដាន ដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថា ទោះបីជាប្រទេសជាតិ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាន នូវអត្តសញ្ញាណជាតិ។

សម្តេចធិបតី បានលើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើ អាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាព កាន់តែខ្ពស់ ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕

To Top