ព័ត៌មានជាតិ

សម្ដេចធិបតី បញ្ជាអភិបាលខេត្តតាកែវ រកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នា នៅម្ដុំផ្សារអង្គតាសោម ស្រុកត្រាំកក់

កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃ៣០ ឧសភា សម្ដេចធិបតីមានប្រសាសន៍ថា «ម្សិលមិញស៊ែរ ចៅហ្វាយខេត្តតាកែវ រកឲ្យឃើញក្រុមកាប់ដាវ នៅស្រុកត្រាំកក់ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ តាមរកឲ្យឃើញ។ នៅកន្លែងខ្លះ ដាវសាម៉ូរៃ មិនគួរលក់ មិនដឹងលក់ធ្វើអី។ ប៉ុន្ដែរឿងអាវុធ ជារឿងមួយ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង»៕

To Top