ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យទប់ស្កាត់ភាពជ្រុលនិយម ក្នុងសាសនា ធ្វើយ៉ាងណាកុំឲ្យកម្ពុជា មានជម្លោះផ្នែកសាសនា

កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យរួមគ្នាទប់ស្កាត់ភាពជ្រុលនិយម ក្នុងសាសនានីមួយៗ ដើម្បីបញ្ចៀសជម្លោះ ផ្នែកសាសនានៅកម្ពុជា ខណៈសម្តេចថា សង្គ្រាម ផ្តើមចេញពីផ្នត់គំនិត របស់មនុស្ស ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយមផងដែរ។

ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅថ្ងៃ៣០ ឧសភា សម្ដេចធិបតី មានប្រសាសន៍ថា «ធ្វើយ៉ាងណាកុំឲ្យកម្ពុជា មានជម្លោះសាសនាឲ្យសោះ ហើយនេះ គឺជាអ្វីដែលជាមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ជាពិសេសត្រូវទប់ឲ្យបាននូវភាពជ្រុលនិយម នៅក្នុងសាសនានីមួយៗ។ ប្រជាពលរដ្ឋយើង មិនថាសាសនាព្រះពុទ្ធ, សាសនាអ៊ីស្លាម, សាសនាគ្រិស្ដ យើងប្រកាន់នូវសាសនានៅតាមប្រភេទដែលមិនជ្រុលនិយម។ នេះជាមូលហេតុ ដែលខ្ញុំថា គ្មានជម្លោះសាសនានៅកម្ពុជា»។

សម្ដេចធិបតីបន្ដថា ថ្នាក់ដឹកនាំសាសនាទាំងអស់បាន ប្រកាន់ជំហរសាមគ្គី ជំហរយោគយល់គ្នា ហើយសហគមន៍ រស់នៅក្បែរគ្នា ប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម នៅភូមិជាប់គ្នា ទៅរៀនសាលាជាមួយគ្នាសាលា ធ្វើកិច្ចការជាមួយគ្នា និងឱកាសជាមួយគ្នា។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចធិបតីបន្ថែមថា ក្នុងជួររាជរដ្ឋាភិបាល និងក្នុងវិស័យឯកជន ដោយមិនមានប្រកាន់សាសនាណានោះទេ ហើយក៏មានថ្នាក់ដឹកនាំសាសនា កាន់ក្នុងតួនាទី កងកម្លាំងប្រដាប់អាវុធ និងនៅក្នុងតួនាទីរដ្ឋផ្សេងៗទៀត បានជោគជ័យទាំងអស់គ្នា។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមទៀត ថា សង្គ្រាមផ្តើមចេញ ពីផ្នត់គំនិតរបស់មនុស្ស ដូច្នេះត្រូវទប់ស្កាត់រាល់ផ្នត់គំនិត ជ្រុលនិយម ទាំងក្នុងសាសនា ក្នុងអាណាចក្រ ដើម្បីរួមគ្នា ធ្វើបុណ្យរួមគ្នា យោគយល់គ្នា ដើម្បីថែរក្សា សុខសន្ដិសុខ និងស្ថេរភាពសង្គម៕

To Top