ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ប្រារព្ធនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី កុមារ គឺជាទំពាំស្នងឫស្សី កុមារគឺជាសសរទ្រូង សម្រាប់ប្រទេសជាតិ បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី ។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សា ទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ ។
ពិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទការវិនិយោគលើកុមារ ថ្ងៃនេះ សំដៅបង្កើនមូល ធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល និង ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ រួមគ្នាអនុវត្ត ការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ, លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកពិធីនេះ ជាការបង្ហាញថា កម្ពុជា បាននិងកំពុងចូលរួម ជាមួយនឹងបណ្តាប្រទេសនានា នៅជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សា លើកុមារ រួមទាំងចូលរួមបញ្ចប់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅជុំវិញពិភពលោក និយាយ ជារួម និងនិយាយដោយឡែកកុមារ នៅក្នុងប្រទេសកម្ពុជា។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗ បាន និង កំពុងតែផ្តោត ការយកចិត្តទុកដាក់ ទៅលើការ លើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិង គោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានា ពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយជាតិស្តីពីប្រព័ន្ធកិច្ច ការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្ដល់អនុសាសន៍មួយចំនួន ទៅកាន់ភាគីពាក់ព័ន្ធ និងអង្គពិធីទាំងមូល ក្នុងនោះសម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព ៕