ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បា​​នលើកឡើងថា​ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច​ នឹងអាចដោះស្រាយ ការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង ។

ការលើកឡើងរបស់ ឃួង ស្រេង ធ្វើឡើងក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុង​ឱកាសនេះ លោក ឃួង ស្រេង បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍​ លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែ បង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលបើកផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀត វានឹងដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។ ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង) ។

ដោយឡែក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានដឹងថា គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះបាននឹងកំពុងខិតខំដោះស្រាយ ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះ ទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១។

សូមបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ន នេះ សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុង
រួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ គម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ ដោយក្រុមហ៊ុន សំណង់សៀងហៃ និង ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងស្ថាបនា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើង ដោយចាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក និង ប្រើរយៈពេលសាងសង់៤២ខែ ដោយឥណទានសម្បទានពីប្រទេសចិន៕

To Top