ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា លុបចោលការអញ្ជើញឲ្យអឺរ៉ុប ចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានាធិបតី នាពេលខាងមុខ

រូបភាព៖ Xinhua

ការ៉ាកាស៖ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ បានដកការអញ្ជើញ ទៅបេសកកម្ម របស់សហភាពអឺរ៉ុប ដើម្បីសង្កេតមើលការបោះឆ្នោត ប្រធានាធិបតី នៃប្រទេសអាមេរិកខាងត្បូង នៅថ្ងៃទី២៨ ខែកក្កដា។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត CNE បានឲ្យដឹងកាលពីថ្ងៃពុធថា អឺរ៉ុប “មានបំណងជ្រៀតជ្រែក” នៅក្នុងការសម្រេចចិត្តរបស់ស្ថាប័ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ដោយពណ៌នា សហភាពអឺរ៉ុបថាជា “អសុរោះ” ប្រធាន CNE លោក Elvis Amoroso បានឲ្យដឹងថា ការពិចារណា ដែលចេញដោយក្រុមប្រឹក្សា “គឺជាការទទួលខុសត្រូវ ផ្តាច់មុខរបស់ប្រជាជន វេណេស៊ុយអេឡា” ។

សហភាពអឺរ៉ុបបានឲ្យដឹងថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តឯកតោភាគី ដោយស្ថាប័នរៀបចំការបោះឆ្នោត ហើយបានកត់សម្គាល់ថា តួនាទីរបស់ខ្លួន ជាអ្នកសង្កេតការណ៍ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង Barbados ។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដោយអាជ្ញាធរវេណេស៊ុយអេឡា និងក្រុមប្រឆាំងកាលពីខែតុលា ឆ្នាំ២០២៣ មានគោលបំណងបន្ធូរបន្ថយ ការសន្ទនារវាងភាគីទាំងពីរ ក៏ដូចជាជំរុញការចរចា សំដៅឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេស។

ជាការឆ្លើយតប លោក Amoroso បានលើកឡើងថា ការបោះឆ្នោតនឹងមាន “កម្មវិធីទូលំទូលាយនៃការត្រួតពិនិត្យ និងអមដំណើរពីអង្គការអន្តរជាតិដ៏មានកិត្យានុភាពរាប់សិបនាក់ ព្រមទាំងបុគ្គលិកលក្ខណៈជាង ២៥០នាក់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top