ប៉េកាំង៖ អគ្គនាយករងទីមួយ របស់ IMF លោកស្រី Gita Gopinath បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍ របស់ខ្លួនសម្រាប់កំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ដល់ ៥ភាគរយពីការ ព្យាករណ៍ខែមេសា ៤,៦ភាគរយ។
លោកស្រី Gopinath បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង បន្ទាប់ពីក្រុម IMF បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែឧសភា សម្រាប់ការពិគ្រោះយោបល់មាត្រា ៤ ឆ្នាំ២០២៤ ។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ការកែ សម្រួលឡើង គឺត្រូវបានជំរុញដោយកំណើន GDP ត្រីមាសទីមួយដ៏រឹង មាំក្នុងឆ្នាំ២០២៤ និងវិធានការ គោលនយោបាយថ្មីៗ។
លោកស្រីបានកត់សម្គាល់ថា រដ្ឋាភិបាលចិន បានផ្តោតយ៉ាងត្រឹមត្រូវ លើការដោះស្រាយភាព ងាយរងគ្រោះក្នុងវិស័យ អចលនទ្រព្យ បំណុលរដ្ឋាភិបាលក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុតូចៗ។
យោងតាមលោកស្រី Gopinath ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ត្រូវបានជំរុញយ៉ាងខ្លាំង ដោយកំណែទម្រង់ទីផ្សារ សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការរួមបញ្ចូលទៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក ។
លោកស្រីបានលើកឡើងថា “ប្រទេសចិនដើរតួយ៉ាងសំខាន់ និងស្ថាបនាក្នុងការគាំទ្រ ការរៀបចំរចនាសម្ព័ន្ធបំណុល នៅក្នុងប្រទេសដែលមាន ចំណូលទាប និងងាយរងគ្រោះ និងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។ មូលនិធិនេះទន្ទឹងរង់ ចាំកិច្ចសហប្រតិបត្តិការ បន្តជាមួយអាជ្ញាធរចិន ក្នុងរឿងនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា