គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន៥៣គ្រាប់ និងប្រើយន្តហោះគ្មានមនុស្សបើក Shahed ចំនួន៤៧ គ្រឿង ធ្វើការវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។
កងទ័ពបានឲ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើកចំនួន៤៦និងមីស៊ីលចំនួន៣៥ត្រូវបានស្ទាក់ចាប់បាន ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសនេះឈ្មោះ Ukrenergo បានឲ្យដឹងថា ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ចំនួន៥នៅក្នុងប្រទេសអ៊ុយក្រែន ។
ក្រុមហ៊ុនខាងលើបានឲ្យដឹងថា រោងចក្រថាមពលកម្តៅចំនួន២របស់ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK ត្រូវបានវាយប្រហារនៅក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាស ហើយឧបករណ៍របស់ពួកគេត្រូវបានខូចខាត ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន៦លើកទៅលើការផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរបស់អ៊ុយក្រែនគិតចាប់តាំងពីថ្ងៃទី២២ ខែមីនា ។
អាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា កាលពីចុងខែឧសភា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញថាមពលជាង៨GW ឬប្រហែល ៤០ភាគរយនៃសមត្ថភាពផលិតថាមពលរបស់ប្រទេសអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា