ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលដើរដោយខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភ្នំបូកគោ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលស្អាតដល់ប្រជាពលរដ្ឋបន្ថែមទៀត។
តាមរយៈវីដេអូអត្ថាធិប្បាយខ្លី ចេញពីប្រទេសចិន លោក កែវ រតនៈ បានលើកឡើងថា ថាមពលដើរដោយខ្យល់នេះសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាតនៅក្នុងពិភពលោក ហើយនៅក្នុងឆ្នាំ២០២២ អ្វីដែលគួរឲ្យកោតសរសើរនោះ គឺថាប្រទេសចិនតែម្នាក់ឯង គឺតំណាងឲ្យ៥០% នៃការដាក់បញ្ចូលថាមពលដើរដោយខ្យល់នៅក្នុងពិភពលោក ដូច្នេះចិន ជាប្រទេសមួយដែលឈានមុខគេ ក្នុងការដាក់ដំឡើងថាមពលដើរដោយខ្យល់របៀបនេះ ក្នុងឆ្នាំ២០២២។
លោក កែវ រតនៈ បញ្ជាក់ថា «ប្រទេសកម្ពុជាយើង នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅខេត្តមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។
លោកបន្ថែមថា នេះគឺជាថាមពលស្អាតមួយដែលគ្រោងនឹងដាក់ឡើងបន្ថែមដើម្បីជួយរុញថាមពលស្អាតនិងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនីនៅកម្ពុជា៕