ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ បង្ហាញ​យន្តការសំខាន់ ៨ចំណុច ក្នុងកិច្ចគាំពារពលករ ទេសន្តរប្រវេសន៍កម្ពុជា

ភ្នំពេញ៖ លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះដោយបានបង្ហាញយន្តការ ៨ចំណុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។

យន្តការ​ទាំង​ ៨ចំណុច​នោះរួម​មាន​៖
ទី១. រាជរដ្ឋាភិបាលបាន និងកំពុងបន្តចុះអនុស្សារណៈយោគយល់គ្នា ជាមួយប្រទេសទទួលពលករ ដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។

ទី២. កិច្ចការមុនពេលចេញដំណើររបស់ពលករគឺ ការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ (Online) ដោយដាក់ឱ្យដំណើរការលិខិត បញ្ជាក់តម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះពលករ ក្នុងគោលបំណងកាត់បន្ថយរយៈពេល ដំណើរការការងារឱ្យកាន់តែខ្លី។ ទន្ទឹមនេះ ធ្វើការបណ្តុះបណ្តាលពលករអំពីបែបបទរស់នៅ វប្បធ៌ម ប្រពៃណី សិទ្ធិ និងច្បាប់នៃប្រទេសទទួលពលករ។

ទី៣ .ជំរុញឱ្យមានចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករធ្វើការនៅក្រៅប្រទេស និងពេលត្រឡប់មកវិញ ដើម្បីពលកររក្សាបានរបបសន្តិសុខសង្គម។

ទី៤ .បន្តណែនាំទីភ្នាក់ងារជ្រើសរើស ពលករឯកជនឱ្យបំពេញបែបបទសហគ្រាស និងមានការទទួលខុសត្រូវចំពោះពលករ។ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមហ៊ុនជ្រើសរើសពលករដែលបំពានច្បាប់ និងរំលោភសិទ្ធិពលករ។

ទី៥.ផ្តល់កិច្ចការពារ និងជំនួយផ្នែកច្បាប់ដល់ពលករ តាមរយៈស្ថានឯកអគ្គរាជទូត ស្ថានកុងស៊ុល និងអនុព័ន្ធការងារកម្ពុជាក្នុងករណី មានបញ្ហាកើតឡើងចំពោះពលករ។ ពលករអាចទំនាក់ទំនងតាមរយៈ លេខទាក់ទងបន្ទាន់ (Hotline) ១២៩៧ ឬ ១២៨៦, ក្រុមតេលេក្រាម«សម្រាប់ពលករទេសន្តរប្រវេសន៍, នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬទូរស័ព្ទលេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។

ទី៦.សហការជាមួយភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រដល់ពលករ។

ទី៧.បន្តផ្តល់ការអប់រំណែនាំពលករ អំពីអត្ថប្រយោជន៍ និងការចេញទៅធ្វើការ នៅក្រៅប្រទេសស្របច្បាប់ ចៀសវាងការទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់។

និងទី៨.ផ្តល់ការបណ្តុះបណ្តាលជំនាញ និងស្វែងរកការងារជូនពលករ ពេលត្រឡប់មកមាតុប្រទេសវិញ។

តាមការបញ្ជាក់បន្ថែមរបស់ លោក​ កក្តា អ៊ន ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្នកម្ពុជា មានពលករជាង ១,៣ លាននាក់ ធ្វើការនៅតាមប្រទេសដូចជា ថៃ  ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត។ ពលករទេសន្តរប្រវេសន៍ បានផ្ញើរថវិកាមកក្រុមគ្រួសារប្រមាណជិត ៣ពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដែលថវិកាទាំងនេះបានជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕

To Top