ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ស្រី ម៉ៅ នីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃចន្ទថា ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ការកត់សម្គាល់របស់លោកស្រី ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការថ្មីលើមន្ត្រីនៃរដ្ឋាភិបាលកណ្តាលចិន និងរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ស្តីពីសាលក្រមដែលចេញដោយតុលាការហុងកុងលើមួយចំនួននៃអ្នកទាំងនោះពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាធ្វើវិទ្ធង្សនា។
លោកស្រី បានលើកឡើងថា សហរដ្ឋអាមេរិកបានវាយប្រហារដោយចេតនាលើគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលលាបពណ៌ច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅហុងកុង SAR ដោយមិនទទួលខុសត្រូវ ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅហុងកុង បានព្យាយាមជ្រៀតជ្រែកជាមួយបញ្ហាតុលាការរបស់ HKSAR និងការរឹតបន្តឹងទិដ្ឋាការទាំងបំពាន។
លោកស្រីបន្ដថា “ទង្វើបែបនេះបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ”។
លោកស្រីបានបន្ថែមថា អ្វីដែលគេហៅថា “ការបោះឆ្នោតបឋម” ដែលរៀបចំឡើងដោយអ្នកពាក់ព័ន្ធក្នុងសំណុំរឿងដែលប្រឆាំងចិន និងស្វែងរកអស្ថិរភាពហុងកុង គឺជាការប្រឈមយ៉ាងធ្ងន់ធ្ងរ ចំពោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅហុងកុង និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
លោកស្រីបន្តទៀតថា “ក្នុងចំណោមជនជាប់ចោទដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ៣១នាក់បានសារភាពកំហុសរួចហើយ” ដោយកត់សម្គាល់ថាវាសមហេតុផល និងត្រឹមត្រូវសម្រាប់សមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់ និងផ្តន្ទាទោសទាំងអស់នូវរាល់ទង្វើដែលធ្វើឲ្យខូចសន្តិសុខជាតិ ហើយវាត្រូវបានគាំទ្រយ៉ាងរឹងមាំពីរដ្ឋាភិបាលកណ្តាល៕ ប្រែសម្រួល ឈូក បូរ៉ា