ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន។
ភាគីទាំងពីរលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ខណៈលោក Jyri Järviaho ចូលជួបជម្រាបលា សម្ដេចធិបតីនាថ្ងៃ៤ មិថុនា ។
ក្នុងឱកាសនោះលោក Jyri Järviaho បានលើកឡើងថា ក្នុងអាណត្តិការទូតរយៈពេល ៤ ឆ្នាំនៅកម្ពុជា លោកបានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជាលើវិស័យជាច្រើន ដូចជា៖ ការបោសសំអាតមីន ការគ្រប់គ្រងនិងចុះបញ្ចីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។
លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកយ៉ាងសកម្មរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូត របស់លោកលើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ ។
សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាង មូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាអាទិភាព ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែម តាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
សម្ដេចធិបតី ស្វាគមន៍ និងលើកទឹកចិត្តដល់ រដ្ឋាភិបាលហ្វាំងឡង់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន បន្ថែមទៀត តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន៕