ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស នឹងនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅអាហ្វ្រិកនៅខែក្រោយ

RT News

បរទេស៖ ចក្រភពអង់គ្លេសមានបំណងចាប់ផ្តើមនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ទៅកាន់ប្រទេសរវ៉ាន់ដា ចាប់ពីថ្ងៃទី២៣ ខែកក្កដាក្រោយនេះ។ នេះតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីមេធាវីរបស់រដ្ឋាភិបាល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់ស្តីពីសុវត្ថិភាពនៃប្រទេសរវ៉ាន់ដា ដោយសភាចក្រភពអង់គ្លេសក្នុងខែមេសា ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមជើងហោះហើរសម្រាប់ការនិរទេស។ ច្បាប់នេះមានគោលបំណងទប់ស្កាត់បញ្ហាប្រឈមរបស់តុលាការដែលបានបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងដំបូងរវាងទីក្រុងឡុងដ៍ និងទីក្រុងគីហ្គាលី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានចូលចក្រភពអង់គ្លេសដោយខុសច្បាប់ ដើម្បីបញ្ជូនទៅប្រទេសអាហ្វ្រិកខាងកើតសម្រាប់ដំណើរការទាមទារ។

ទីភ្នាក់ងារនេះបាននិយាយថា ឯកសារត្រូវបានដាក់ជូនតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ដោយរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីអង្គការសប្បុរសធម៌មួយឈ្មោះថា Asylum Aid បានជំទាស់នឹងគោលនយោបាយនេះ។ របាយការណ៍នេះបាននិយាយថា ចេតនាគឺ “អនុវត្តការដកចេញជាមួយនឹងជើងហោះហើរទៅកាន់ប្រទេស Rwanda នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ (និងមិនមែនពីមុនទេ)” ។

កាលពីខែមុន រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនបានបើកការវាយឆ្មក់ជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីតាមដានជនអន្តោប្រវេសន៍ខុសច្បាប់ មុនពេលជើងហោះហើរសម្រាប់ការនិរទេសលើកដំបូងដែលគ្រោងធ្វើនៅខែកក្កដា ក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសដែលផ្សព្វផ្សាយដោយនាយករដ្ឋមន្ត្រី អង់គ្លេស លោក Rishi Sunak ៕ ប្រែសម្រួលៈ ណៃ តុលា

To Top