ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសខេត្តចំនួន៦ទៀត នឹងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃទី ៤ ខែមិថុនា បានប្រកាសថា ខេត្ត​ចំនួន ៦​នឹងត្រូវបញ្ឈប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​ត្រឹម​ឆ្នាំ ២០២៤ នេះ ។
លោករដ្ឋមន្ត្រីបានបញ្ចាក់ថា ខេត្តទាំង៦ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោង​ប្រកាស​បញ្ចប់​ការ​បន្ទោរ​បង់​ពាសវាលពាសកាល​នា​ពេល​ខាង​មុខ​រួមមាន÷ ខេត្ត​កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប រតនគិរី និងព្រះសីហនុ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន​នេះ ខេត្ត​ចំនួន ៧​ហើយ ដែល​ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល ដែល​រួមមាន ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និង​កែប។

មួយវិញទៀត ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​ធ្វើការ​ប្រកាស​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោរបង់​ពាសវាលពាស​កាល​នៅ​ថ្ងៃទី​១៣ ខែ​មិថុនា សប្តាហ៍​ក្រោយ​នេះ។

លោករដ្ឋមន្រ្តី​បាន​មាន​ប្រសាស​ន៍ថា” អញ្ជឹង​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​នឹង​កើន​ឡើង​ដល់ ១៣​ត្រឹម​បំណាច់​ឆ្នាំនេះ ហើយ​ប្រាកដ​ហើយ​ថា ចុង​អាណត្តិ​នេះ គឺ​គ្រប់​ខេត្ត​ទាំងអស់​នឹង​ទទួល​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​តែម្តង”៕

To Top