ព័ត៌មានអន្តរជាតិ

យុវជនកូរ៉េ ត្រូវការពេលជាង៨៦ឆ្នាំ ដើម្បីទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល

VN Express

បរទេស៖ ការស្រាវជ្រាវថ្មីពីវិទ្យាស្ថានការងារនៃសហភាពសហព័ន្ធសហជីពកូរ៉េបង្ហាញថា អ្នកធ្វើការក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ដើម្បីទិញអាផាតមិន (apartment) នៅក្នុងរដ្ឋធានីសេអ៊ូល សម្រាប់ប្រាក់ខែបច្ចុប្បន្ន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទគឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។

លទ្ធផលបានបង្ហាញថា ការសន្សំជាមធ្យមរបស់មនុស្សដែលមានអាយុពី ២០ឆ្នាំ ទៅ២៩ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុន គឺមានប្រហែល ១៣,៩លានវ៉ុន ស្មើនឹងប្រហែល ១០.០០០ ដុល្លារអាមេរិក ។ ទន្ទឹមនឹងនេះ តម្លៃប្រតិបត្តិការជាមធ្យមសម្រាប់ អាផាតមិន ក្នុងទីក្រុងសេអ៊ូលគឺ ១,២ ពាន់លានវ៉ុន (៨៧៣.០០០ ដុល្លារ)។

របាយការណ៍បានឱ្យដឹងថា ដូច្នេះ ជនជាតិកូរ៉េម្នាក់ៗក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការសន្សំរយៈពេល ៨៦,៤ឆ្នាំ ដើម្បីទិញអាផាតមិននៅក្នុងទីក្រុងសេអ៊ូល ដែលយូរជាងការប៉ាន់ប្រមាណពីរដងក្នុងឆ្នាំ ២០១៤ ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអចលនទ្រព្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមកាសែត Maeil Business News គឺថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អត្រាកំណើនប្រាក់ចំណូលរបស់អ្នកដែលមានអាយុ ២០ឆ្នាំគឺ ២១,០២ភាគរយ ដែលតិចជាងពាក់កណ្តាលនៃក្រុមអាយុសរុប។ អត្រាកំណើននៃការសន្សំដែលមាន ១២,៦៥ភាគរយ នៃក្រុមអាយុនេះក៏ទាបជាងចំនួនសរុប ៦៤,៩០ភាគរយ ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top