ប៉េកាំង៖ ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយលម្អិតអំពីជំហរជាប់លាប់របស់ចិន ចំពោះវិបត្តិអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ចិនប្រកាន់ខ្ជាប់នូវការជំរុញកិច្ចចរចាដើម្បីសន្តិភាព ហើយទោះបីជាលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពមិនទាន់ដំណើរការក៏ដោយ ក៏ចិននឹង មិនដែលបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសន្តិភាព។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារនៅពេលដែលលោកបានជួបអ្នកសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ។
លោក បានបន្ថែមថា ប្រទេសចិន ក៏លើកទឹកចិត្ត និងគាំទ្ររាល់គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងក្នុងពិភពលោក ដែលអំណោយផលដល់ការបន្ធូរបន្ថយស្ថានការណ៍ និងការសម្រេចបាននូវសន្តិភាព។
លោកបានបន្ដថា ប្រទេសចិន យកចិត្តទុកដាក់ចំពោះការងាររបស់ប្រទេសស្វីសសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ហើយបានផ្តល់យោបល់ស្ថាបនាដល់ភាគីស្វីសក្នុងឱកាសជាច្រើន ដែលភាគីស្វីសតែងតែផ្តល់យោបល់វិជ្ជមាន និងអរគុណ។
លោកបានបន្ថែមទៀតថា “មានកិច្ចប្រជុំកំពូលជាច្រើននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ថាតើត្រូវចូលរួម និងរបៀបណាក៏ដោយ ប្រទេសចិននឹងសម្រេចចិត្តដោយឯករាជ្យ យោងទៅតាមគោលជំហររបស់ខ្លួន”។
កាលពីថ្ងៃទី២៣ ខែឧសភា លោក វ៉ាង យី បានជួបជាមួយ Celso Amorim ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីល នៅទីក្រុងប៉េកាំង។ ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការជំរុញឱ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន និងអំពាវនាវឱ្យមានការថយចុះនៃស្ថានភាព និងឈានដល់ការយោគយល់គ្នាចំនួន៦៕ ប្រែសម្រួល ឈូក បូរ៉ា