ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ខេត្តកំពត និងកែប គឺមិនអនុញ្ញាតឲ្យបើក កាស៊ីណូ ឡើយ

កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ខេត្តកំពត និងខេត្តកែប គឺមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណបើក កាស៊ីណូ ឡើយ ប៉ុន្តែក្នុងករណីចង់បើកកាស៊ីណូ ត្រូវទៅសុំអាជ្ញាបណ្ណ បើកនៅព្រំដែនកម្ពុជាវិញ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃទី៦ មិថុនា សម្ដេចធិបតីមានប្រសាសន៍ថា «កន្លងទៅមានការស៊ើបសួរអំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត។ ខ្ញុំ សូមបញ្ជាក់ថា ការបើកកាស៊ីណូ កន្លងទៅយើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅទីនេះ នៅបូកគោ។ ចឹងពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ (បូកគោ) គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូ នៅក្នុងខេត្តកំពតទៀតទេ»។

សម្ដេចធិបតីបន្ដថា បើមានការចង់វិនិយោគខាងកាស៊ីណូ ត្រូវធ្វើនៅពំ្រដែន ក្នុងតំបន់ព្រែកចាក គឺមិនឆ្ងាយពីក្រុងឡើយ។ សម្ដេចថា ប៉ុន្តែប្រសិនបើចង់បើកសណ្ឋាគារ និងអូតែល នៅខេត្តទាំងពីរ គឺសម្តេចមិនហាមឃាត់នោះទេ ដោយអនុញ្ញាតឲ្យចេញអាជ្ញាបណ្ណ ព្រោះការបើកសណ្ឋាគារ និងអូតែល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា «ខេត្តកែប ដូចគ្នា គឺអត់ឲ្យអាជ្ញាប័ណ្ណធ្វើការស៊ីណូទេ។ សុំអាជ្ញាប័ណ្ណ ធ្វើតំបន់សេដ្ឋកិច្ចពិសេស ខ្ញុំអនុញ្ញាតឲ្យធ្វើ សូមអាជ្ញាប័ណ្ណធ្វើអូតែអនុញ្ញាត ឲ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើបុរី អនុញ្ញាតឲ្យធ្វើ ។ សូមធ្វើការស៊ីណូ អត់ទេ»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា រាជរដ្ឋាភិបាល ទុកខេត្តកំពត និងខេត្តកែប សម្រាប់ឲ្យវិស័យទេសចរវិនិយោគ។ សម្ដេច ក៏បានបញ្ជាក់ទៅគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា ត្រូវអនុវត្តតាមការណែនាំនេះ ក្រោយមានសំណួរសួរថា «តើបើកការស៊ីណូបានឬទេ? នៅក្នុងក្រុងកំពត» សម្ដេចថា បើចង់ធ្វើការស៊ីណូ គឺធ្វើនៅព្រំដែន តំបន់ព្រែកចាក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top