ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រា លើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចីរភាព ។

លោករដ្ឋមន្រ្តី បានជំរុញឲ្យមន្ទីរបរិស្ថាន បន្តយុទ្ធនាការកាត់បន្ថយប្លាស្ទិក ឲ្យបានផុសផុលជាប្រចាំ សំដៅធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បន្តការអនុវត្តយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវផ្សារភ្ជាប់ភាពស្អាត ពីសាលារៀនដល់មូលដ្ឋាន ដើម្បីចូលរួមក្នុងចលនាសម្អាតបរិស្ថាន នៅកន្លែងរស់នៅ ប្រកបដោយសុខភាពល្អ និងបណ្តុះ ទម្លាប់ក្នុងការរស់នៅស្អាត។

ទន្ទឹមជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញ ឲ្យសិស្សានុសិស្ស ត្រូវតែបង្កើតភាពស្អាតចេញពីខ្លួន ចេញពីបេះដូង ដើម្បីធ្វើយ៉ាងណារក្សា បាននូវផ្នត់គំនិតស្អាត ។ លោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធការថ្មីមួយទៀត របស់ក្រសួងបរិស្ថាន នឹងជួយឲ្យរួបរួមគ្នាកែប្រែពីយុទ្ធនាការ ទៅជាចលនាមួយយ៉ាងផុសផុល និងបន្តឆ្ពោះទៅជាទម្លាប់ ដែលទម្លាប់នេះហើយ នឹងជួយឲ្យកម្ពុជាស្អាត ពេលនោះមុខមាត់នៃប្រទេសជាតិ កាន់តែលេចត្រដែតលើឆាកអន្តរជាតិ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ធ្វើការបណ្តុះកូនឈើបានច្រើនថែមទៀត ដែលក្នុងពេល បច្ចុប្បន្នមន្ទីរ បានបណ្តុះរួចរាល់ហើយប្រមាណជាង ២ម៉ឺនដើមក្នុងថ្នាល ដើម្បីចូលរួមយុទ្ធនការដាំឈើ យ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ ដោយការចែកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំដុះ ។

ក្រៅពីនេះ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់យុវជនកម្ពុជា ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» នៅខាងមុខក្រសួង បរិស្ថាន ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋ យកទៅដាំដុះបង្កើនភាពបៃតងនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំនេះតែម្តង ។

ក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួម យុទ្ធនាការ បរិស្ថាន ដែលជាផ្នែកមួយសំខាន់ ក្នុងការ លើកស្ទួយកម្ពុជា ឈានឆ្ពោះទៅកំណត់ទស្សនៈវិស័យ ជាប្រទេសដែលមានគម្របព្រៃឈើ ៦០ភាគរយ និងជាប្រទេសអព្យាក្រិតកាបូន នៅឆ្នាំ២០៥០ ៕
